ឈ្លោះគ្នាជាមួយប្រពន្ធតាមអនឡាញមិនអស់ចិត្ត ជិះយន្តហោះពីអាមេរិក មកសម្លា.ប់ប្រពន្ធដល់ស្រុកខ្មែរ

 ភ្នំពេញ ៖ បុរសម្នាក់ចិត្តខ្លាំងមែនទែន ព្រោះតែភ្លើងប្រច័ណ្ឌ បង្កជាជម្លោះ ឈ្លោះគ្នាជាមួយប្រពន្ធតាមអនឡាញ មិនអស់ចិត្តទេ លួចជិះយន្តហោះមកតាំងពីសហរដ្ឋអាមេរិក ទាំងពុំបានប្រាប់អ្នកណាឲ្យដឹងមុន ចូលដល់ផ្ទះ វាយ ឆក់ខ្សែភ្លើងលើប្រពន្ធ បណ្តាលឲ្យស្លាប់ ច្រកថង់បម្រុងដឹកសពចេញ តែបែកធ្លាយរឿង ផ្អើលសាច់ញាតិ ពលរដ្ឋក្បែរខាង។ ភ្លាមៗនោះ ជនសង្ស័យទាញបានម៉ូតូជិះគេចខ្លួនបាត់ ។



ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះល្វែងលេខអា១១ ក្នុងបុរីKC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យជាប្តីមានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ រស់នៅផ្ទះកើតហេតុ រួមជាមួយកូនស្រីម្នាក់ អាយុ៥ឆ្នាំ និងមានផ្ទះមួយទៀតនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។



បើតាមការបំភ្លឺពីសាច់ញាតិ គ្រួសារខាងលើ រស់នៅដាច់ឆ្ងាយពីគ្នា ប្តីជាអនិកជនរស់នៅឯសហរដ្ឋអាមេរិក ចំណែកប្រពន្ធជាជនរងគ្រោះ រស់នៅចំណុចកើតហេតុ២នាក់កូនស្រី ។

ប្រភពបន្តទៀតថា ប្តីប្រពន្ធរស់នៅទីទៃពីគ្នាហើយ ថែមទាំងមិនចុះសម្រុងគ្នាទៀត ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីតែងតែឈ្លោះរករឿង ជួនធ្វើដំណើរមកឈ្លោះដល់ផ្ទះនៅស្រុកខ្មែរ ជួនឈ្លោះគ្នាតាមអនឡាញ ចោទប្រពន្ធថាមានប្រុសឈ្មោល ហើយមុនកើតហេតុ កាលពី៣ថ្ងៃមុន ជនសង្ស័យឈ្លោះគ្នាជាមួយប្រពន្ធតាមអនឡាញ ហើយក៏ស្ងាត់ទៅវិញ។ 



ស្រាប់តែនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លេចមុខជនសង្ស័យជាប្តីជិះយន្តហោះពីអាមេរិកមកដល់ផ្ទះដែលពេលនោះ អ្នកជិតខាងក៏ឃើញដែរ។ គ្រាន់តែដើរចូលដល់ក្នុងផ្ទះ ទាញទ្វារបិទជិតភ្លាម គេឮសូរសម្លេងប្តីប្រពន្ធឈ្លោះប្រកែកគ្នាមួយប្រ៉ាវ ក៏ស្ងាត់បាត់ទៅវិញ អត់មានអ្នកណាចាប់អារម្មណ៍ ស្មានតែឈ្លោះពាក្យសម្តីហើយត្រូវគ្នាវិញ អស់រយៈពេលច្រើនម៉ោង រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ស្រាប់តែកូនស្រីរបស់ជនរងគ្រោះបើកទ្វាររត់ចេញមកក្រៅ ប្រាប់អ្នកជិតខាង ពីសកម្មភាពឪពុក យកខ្សែភ្លើង ឆក់ វាយម្តាយ ទើបនាំគ្នាផ្អើលឆោឡោ ហៅសាច់ញាតិក្បែរនោះ ហើយនាំគ្នាចូលទៅមើល ផ្អើលជនសង្ស័យទាញបានម៉ូតូស្កុបពីមួយគ្រឿងជិះគេចខ្លួនទៅបាត់។ ចំណែកជនរងគ្រោះ ត្រូវបានជនសង្ស័យវាយឆក់ញាត់ក្នុងថង់ មិនអស់ចិត្ត ក្រុមគ្រួសារ អ្នកជិតខាងស្រាយលើក ដឹកតាមម៉ូតូយកទៅពេទ្យ តែត្រូវបានពេទ្យក្បែរនោះប្រាប់ថាស្លាប់ហើយ ទើបនាំគ្នាដឹកសពវិលមកផ្ទះវិញ រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ខណៈដែលជនដៃដល់ជាប្តីជិះម៉ូតូគេចទៅបាត់ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ ។



ករណីឃាតកម្ម ប្តីឆក់ខ្សែភ្លើង វាយសម្លាប់ប្រពន្ធច្រកថង់ ផ្តើមចេញពីភ្លើងប្រច័ណ្ឌនេះ ត្រូវបានសមត្ថកិច្ច ចុះទៅសាកសួរ ពិនិត្យកោសល្យវិច័យ លើសាកសព មុននឹងប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ជាប្តី ៕

Powered by Blogger.