វិបត្តិស្បៀងអាហារធ្ងន់ធ្ងរផ្ទុះឡើងនៅកូរ៉េខាងជើង ក្រោយបង្ហាញសាច់ដុំផ្នែកយោធា
កូរ៉េខាងជើង ៖ អ្នកជំនាញបានអះអាងថា ប្រទេសកូរ៉េខាងជើង កំពុងជួបប្រទះវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់ប្រទេសមួយនេះ ចំពោះកង្វះស្បៀងអាហារដ៏រ៉ាំរ៉ៃ ប៉ុន្តែការគ្រប់គ្រងព្រំដែន កត្តាអាកាសធាតុមិនល្អ និងការរងទណ្ឌកម្ម បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានលើកឡើងថា មន្ត្រីកំពូលត្រូវបានរំពឹងថា នឹងមានការជួបប្រជុំដ៏សំខាន់ នៅចុងខែនេះ ដើម្បីពិភាក្សាអំពី «ការផ្លាស់ប្តូរជាមូលដ្ឋាន» ចំពោះគោលនយោបាយកសិកម្ម។
អ្នកប្រមូលព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA Watch បានរាយការណ៍ថា នេះជាកិច្ចការដ៏សំខាន់ និងបន្ទាន់មួយ ចំពេលមានវិបិត្តកសិកម្ម នៅក្នុងប្រទេស។ ដំណឹងនេះបានផ្ទុះឡើង ខណៈដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបន្តបង្ហាញសាច់ដុំយោធារបស់ខ្លួន ជាបន្តបន្ទាប់។
កាសែតរដ្ឋកូរ៉េខាងជើងមួយ បានប្រដូចការផ្តល់ជំនួយពីបរទេស ទៅនឹងស្ករគ្រាប់មានជាតិពុល ដោយកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ អ្នកកាសែតកូរ៉េខាងជើង លោក Rondong Sinmun បានសរសេរថា ចក្រពត្តិនិយម បានប្រើជំនួយជាអន្ទាក់ ដើម្បីប្ល.ន់ និងបង្ក្រាប ប្រទេសដែលទទួលជំនួយនោះ។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ក៏បានបន្លឺសំឡេងរោទិ៍លើការខ្វះខាតស្បៀងអាហារនៅកូរ៉េខាងជើង ហើយបានស្នើសុំជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរ។ រូបភាពពីផ្កាយរណបរបស់អាជ្ញាធរកូរ៉េខាងត្បូងបង្ហាញថា កូរ៉េខាងជើងផលិតស្បៀងអាហារបានតិចជាង ១៨០,០០០តោនក្នុងឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០២១។
កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានលើកឡើងពីការព្រួយបារម្ភថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ អាចកាត់បន្ថយផលិតកម្មដំណាំទាំងនៅរដូវរងា និងរដូវផ្ការីក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានរាយការណ៍រួចទៅហើយ កាលពីចុងឆ្នាំមុនថា ប្រទេសនេះ កំពុងជួបប្រទះគ្រោះរាំងស្ងួតអាក្រក់បំផុតទីពីរ ក្នុងកំណត់ត្រារបស់ខ្លួន។
សូមជម្រាបថា កូរ៉េខាងជើង បានដាក់កំហិតយ៉ាងតឹងរ៉ឹងលើការធ្វើពាណិជ្ជកម្មឆ្លងដែន ចាប់តាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ ដែលប្រភពចំណូលដ៏សំខាន់មួយ។ ស្របពេលដែលប្រទេសកាន់របបផ្តាច់ការមួយនេះ បាននិងកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្តោតយ៉ាងសំខាន់បំផុតលើវិស័យយោធា ជាពិសេសពាក់ព័ន្ធនឹងគ្រាប់មីស៊ីលតែម្តង ដែលចុងក្រោយបំផុតត្រូវបានបង្ហាញកាលពីដើមខែកុម្ភៈនេះ៕ (ដកស្រង់ចេញពី BBC)
Post a Comment