អបអរសាទរ! FATFប្រកាសលើគេហទំព័រខ្លួន សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះហើយ

នាថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ប្រទេសបារាំង បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជា និង ប្រទេសម៉ារ៉ុក ចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ខណៈប្រទេសអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា បានកត់ចូលក្នុងបញ្ជីប្រផេះវិញ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់អង្គការ FATF នាថ្ងៃ សុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ចាប់តាំងពីឆ្នាំ ២០១៩ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APG) ហើយស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះជាមួយនឹងក្រុមប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ស៊ីរី យេម៉ែន អេមីរ៉ាត់អារ៉ាប់រួម អ៊ូហ្គង់ដា ម៉ារុក ហ្សាម៉ាអ៊ីក ប៊ូគីណាហ្វាសូ និង ស៊ូដង់ខាងត្បូង រួមទាំងជម្រកពន្ធនៃកោះបាបាដូស កោះកៃម៉ាន និង កោះប៉ាណាម៉ា។

យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្រ្ត នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង និង ការសម្អាតប្រាក់ ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗ ដែលស្ថិតនៅក្រោមកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា ខណៈប្រទេសកម្ពុជា និង ម៉ារ៉ុក លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការប្រកាស​ដកកម្ពុជាចេញ​ពី​បញ្ជី​ប្រផេះ​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានសេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមការងារ ICRG របស់ FATF ក្នុង​ការដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​ ដោយមិនមាន​សមាជិក​ណា​ជំទាស់​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នោះទេ​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​របស់ FATF ចំនួន​១៨ រួមមាន​ស្ថាប័ន​អន្តរជាតិ​២ ៖ APG និង EU Commission និង ​ប្រទេស​សមាជិក​ចំនួន​១៦​ ទៀតដូចជា​៖ អូស្ត្រាលី ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុ​ស្ស៉ី អ៊ីតា​លី ជប៉ុន ម៉ាឡេស៊ី នូ​វែ​ល​ហ្សេ​ឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និង​ សិង្ហ​បុរី​ជាដើម​។

សូមជម្រាបថា ការសម្រេច​ដក​កម្ពុជា​ចេញពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​នេះ បាន​ធ្វើឡើង​នៅក្នុងមហាសន្និបាត FATF នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង ត្រូវ​បានរៀបចំ​សន្និសីទកាសែត ប្រកាស​ជា​ផ្លូវការ នៅ​ម៉ោង​១០​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា​៕








Powered by Blogger.