ឯកឧត្តម ស សុខា អំពាវនាវឲ្យពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍ និងរក្សាសុខសន្តិភាពជាតិ
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវអំពាវដល់លោកគ្រូ អ្នកគ្រូ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ក្នុងការបន្តដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀត ពិសេសបន្តរក្សាបាននូវសុខសន្តិភាពជាតិ ជានិច្ចតទៅ ។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦០៣នាក់ ក្នុងស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ការសាងសង់អគារសិក្សាវិទ្យាល័យថ្មី ចំនួន ១ខ្នង មាន ១២បន្ទប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចចេញជារូបរាងនៅក្នុងខេត្តបាត់ដំបង និយាយជារួម និងដោយឡែកក្នុងស្រុកឯកភ្នំ នាពេលខាងមុខ ដើម្បីបំពេញតម្រូវការរបស់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ ដើម្បីអនាគតដ៏ត្រចះត្រចង់ ។
ឯកឧត្តម បន្តថា សំណង់ទាំងនេះ ពិតជាមិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើប្រទេសជាតិយើងមិនមានសុខសន្តិភាពពេញលេញ កើតមានចម្បាំងរាំងជល់ ឬក៏សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដូចពីអតីតកាលនោះ គឺយើងមិនត្រឹមតែមិនអាចកសាងសមិទ្ធផលថ្មីៗបានទេ ។ សង្គ្រាមបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បង្កើតឲ្យមានជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ជំងឺផ្លូវចិត្ត ភាពអត់ឃ្លាន កើតមានចំការមីន ដែលត្រូវចំណាយពេលវេលា ទ្រព្យធន បោសសម្អាត និងកសាងឡើងវិញរាប់សិបឆ្នាំ ។ តួយ៉ាងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើបាបនិងកាប់សម្លាប់ប្រជាជនកម្ពុជា ស្លូតត្រង់អស់រាប់លាននាក់ ពិសេសអ្នកចេះដឹង ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ស្ទើតែបាត់អស់អ្នកចេះដឹង ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ បានអនុវត្តនូវគោលនយោបាយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ បានយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមកទល់ពេលបច្ចុប្បន្ន។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អបរិបូរណ៍ នាពេលបច្ចុប្បន្ននេះរបស់កម្ពុជា គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលផ្តល់នូវកាលានុវត្តភាពយ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព (ភាពនៃសន្ទុះ ល្បឿន ដំណើរដែលលឿនរហ័ស របត់ល្បឿន រយៈពេលដែលស្ទុះលឿន ពីកន្លែងមួយទៅកន្លែងមួយទៀត) ។ ជាងនេះទៅទៀត ការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ កំពុងតែមានការវិវឌ្ឍយ៉ាងល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ គួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១ និងប្រមាណ ៥,២% នៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%៕
Post a Comment