ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំសន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ

 


ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានជំរុញឲ្យសមាគម បន្តយកចិត្តទុកដាក់ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានកិត្តិយស ក៏បានជំរុញឲ្យសមាគម ខិតខំប្រឹងប្រែងបង្កើតយន្តការចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា ព្រោះវាបាននិងកំពុងបំពុលដល់សង្គមជាតិទាំងមូល។

បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យបញ្ជាក់ថា ការរៀបចំសន្និបាតនេះឡើងគឺដើម្បីតាមដាន និងវាយតម្លៃលទ្ធផលការអនុវត្តការងាររយៈពេល ១ឆ្នាំ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈ ពិនិត្យនិងអនុម័តលើផែនការសកម្មភាពការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដដែល សន្និបាតក៏បានដាក់ចេញនូវប្រធានបទរួមថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” និងបានដាក់ចេញនូវប្រធានបទ ចំនួន ៣ សម្រាប់កិច្ចពិភាក្សាក្រុមផងដែរ រួមមាន ៖ ប្រធានបទទី១ “តើសមាគមត្រូវមានយន្តការអ្វីខ្លះក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក? ប្រធានបទទី២ “តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា?

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានបញ្ជាក់ដែរថា សន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅពេញ ១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចូលរួមចំនួន ៥៦០អង្គ/នាក់៕












Powered by Blogger.