លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ បន្តទទូចស្នើសុំដល់សម្ដេចតេជោ និងតុលាការកំពូល ក្រោយពីទទួលបានព័ត៌មានពីការប្ដឹងសើរើសាលដីការបស់តុលាការកំពូល ក្រោយពីបានឈ្នះក្ដីលើកូនចុង...
លោកយាយ អែម ថៃ អាយុ ៧៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅថ្មីៗនេះ បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នតុលាការ ដែលបានសម្រេចឱ្យលោកយាយឈ្នះក្តី ពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងភាគីខាងកូនចុង ឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន)។ លោកយាយមានចិត្តសប្បាយរីករាយខ្លាំងណាស់ក្រោយពីបានដំណឹងថាសម្តេចតេជោបានទទួលជ្រាប និងបានឱ្យលោកអភិបាលខេត្តធ្វើការស្រាវជ្រាវដោះស្រាយបន្ទាន់ ខណៈនេះលោកអភិបាលខេត្ត និងលោកអភិលស្រុក លោកប្រធានសុរិយោដីស្រុក ប្រធានភូមិបាលស្រុក មេឃុំ មេភូមិកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងថ្មីៗនេះដែរ លោកយាយ អែម ថៃ បានទទួលនូវព័ត៌មានថា បុគ្គលដែលបានចាញ់ក្ដី បាន និងកំពុងបន្តប្ដឹងសើរើ លើសំណុំរឿង លេខ១៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សាលដីកា លេខ ៣៥៣ "ង" ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ របស់តុលាកាកំពូល។
លោកយាយ អែម ថៃ បានឲ្យដឹងទៀតថាក្រោយពីទទួលបាននូវព័ត៌មានដូច្នេះធ្វើឲ្យលោកយាយដេកមិនលក់បក់មិនល្ហើយ និងធ្វើឲ្យជំងឺដែល លោកយាយមានប្រចាំកាយធ្វើឲ្យគាត់ទ្រុឌទ្រោមទៅៗ ព្រោះតែមានការព្រួយបារម្ភ និងភ័យខ្លាចចាញ់ក្ដីពីកូនចុង ដែលមានអ្នកមានលុយ មានអំណាចនៅពីក្រោយខ្នងក្នុងរឿងនេះ។ បើតាមលទ្ធភាពកូនខ្ញុំមិនអាចធ្វើបែបនេះបានទេ សូមកុំយកកូនខ្ញុំធ្វើជាលេសសំអាងទៀតអី ។
ចំណែកលោក អ៊ុន ប៊ុនថា ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ អែម ថៃ ក៏បានបញ្ជាក់ឲ្យដឹងថា ជុំវិញវិវាទដីធ្លីរវាងម្ដាយ និងកូនចុង នេះកើតឡើងបានដោយសារមានជនទីបី នៅពីក្រោយខ្នងក្នុងរឿងនេះទើបឈានដល់មានការប្ដឹងទាស់ទែងបែកបាក់សាមគ្គីក្នុងគ្រួសារ និងបានឈានដល់ការប្ដឹងផ្ដល់គ្នាដល់តុលាការថែមទៀតផង។ ដោយពីមុនធ្លាប់តែរួមរស់នៅជាមួយគ្នាដោយមានក្ដីសុខមិនមានភាពរកាំរកុះក្នុងគ្រួសារឡើយ ទោះបីជាកូនចុងក៏ពិតមែន តែលោកយាយបានជួយទំនុងបម្រុងគិតគូរ ជួយជ្រុំជ្រែង បំពេញភាពជាម្តាយបានយ៉ាងល្អ ទោះបីចេញរស់នៅឆ្ងាយស្រុកក៏ដោយចាប់តាំងពីលោកឪពុកបានចែកឋានទៅ។ នេះសបញ្ជាក់ថារឿងនេះកើតឡើងបានដោយសារតែអ្នកដែលមានចិត្តលោភលន់ចង់បានផលប្រយោជន៍លើដីនេះតែម្ដង។
ជាមួយគ្នានេះលោក អ៊ុន ប៊ុនថា ត្រូវជាកូនលោកយាយ អែម ថៃ បានលើកដៃសំពះអង្វរ គោរពជូនចំពោះសម្ដេសពុក សម្ដេចម៉ែ ដែលលោកទាំង២ តែងតែយកចិត្តទុក្ខដាក់ និងគិតគួរបំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពេលរាស្ត្រជួបការលំបាករងទុក្ខរឿងអយុត្តិធម៌ គឺលោកទាំង២ មិនមើលរំលងឡើយ ហើយសម្ដេចពុក សម្ដេចម៉ែ គឺជាស្ថាបនិក នៃបិតាសន្តិភាព និងជាម្លប់ដ៏ត្រជាក់របស់កូនចៅគ្រប់គ្នា។
លោកយាយ អែម ថៃ និងកូនៗបានទទួចស្នើសុំដល់ស្ថាប័នតុលាការកំពូល មេត្តាបន្តផ្ដល់នូវភាពយុត្តិធម៌ ផ្ដល់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ជូនដល់លោកយាយ និងក្រុមគ្រួសារជាកូនបង្កើត ទទួលបាននូវសិទ្ធិកាន់កាប់ដីស្របច្បាប់ និងសុំឲ្យឯកឧត្តមប្រធានតុលាការកំពូល មេត្តាតម្កល់លើបណ្ដឹងសើរើ ប្ដឹងជំទាស់នេះ ដោយតម្កល់ទុក្ខដោយឥតចាត់ការផងចុះ។
ជាចុងបញ្ចាប់លោកយាយ អែម ថៃ និងក្រុមគ្រួសារ សូមគោរពជូនពរសព្វសាធុការ ទៅដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕
Post a Comment