សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អំពាវនាវ ៣ចំណុច ទៅកាន់គណបក្សភ្លើងទៀន និងប្រជាពលរដ្ឋ
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីអំពាវនាវស្នើ ៣ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។ ការចេញសេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងសេចក្តីអំពាវនាវរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានខ្លឹមសារដូច្នេះថា ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណបក្ស ភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ យល់ឃើញថា គណបក្ស ភ្លើងទៀន មានចេតនាត្រៀមលក្ខណៈទុកជាមុន ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនស្របទៅនឹងគោលបំណងរបស់ខ្លួន។ ជាងនេះទៅទៀត សេចក្តីប្រកាសនេះមានលក្ខណៈផ្ចាញ់ផ្ចាល និងញុះញង់បង្កចលាចលក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា បាន និងកំពុងដើរតួនាទីជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសអាស៊ានទាំងអស់ លើការរៀបចំបានយ៉ាងល្អប្រសើរ។
ក្នុងសេចក្តីអំពាវនាវដដែល បានបន្តថា ឈរលើផលប្រយោជន៍ជាតិរួម យើងខ្ញុំសូមអំពាវអំនាវដូចខាងក្រោម ៖
ទី១. សូមថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយប្រឹក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ក្នុងការបំពេញលក្ខខណ្ឌទម្រង់បែបបទតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិ ដើម្បីធានាដល់ការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចៀសវាងប្រើមធ្យោបាយអាក្រក់ ដែលអាចនាំអោយប៉ះពាល់ដល់សន្តិសុខសង្គម ស្របពេលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
ទី២. សូមអ្នកគាំទ្រគណបក្សភ្លើងទៀន ទាំងអស់ កុំចូលរួមសកម្មភាពបាតុកម្មណាមួយ ដែលបង្កបញ្ហាដល់សង្គមជាតិ និងបង្អាប់មុខមាត់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រោះវាមិនបាននាំប្រយោជន៍អ្វីដល់ជាតិ ក្រៅពីបង់ខាតពេលវេលា សេដ្ឋកិច្ច និងបង្កភាពអនាធិបតេយ្យក្នុងសង្គមជាតិ។
ទី៣. សូមប្រជាពលរដ្ឋទូទាំងប្រទេស រក្សាភាពស្ងប់ស្ងាត់ និងកុំភ័យខ្លាចនូវអំពើគំរាមប្រឆាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរាជរដ្ឋាភិបាល របស់គណបក្សភ្លើងទៀន ដែលជាមធ្យោបាយអាក្រក់ក្នុងការបង្វែរស្ថានការណ៍នយោបាយរបស់ខ្លួន។
ក្នុងសេចក្តីអំពាវនាវរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដដែលបានគូសបញ្ជាក់ថា យើងខ្ញុំសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងចូលរួមអនុវត្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំឱ្យអ្នកគាំទ្ររបស់ខ្លួន ប្រឈមទៅនឹងផ្លូវច្បាប់ជាមួយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនថា សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើង ២ចំណុច ដែលចំណុចទី២ ថា ៖ ប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕
Post a Comment