ក្រុមឈ្មួញលៀសកំពុងតែសម្រុកដឹកលៀស យ៉ាងគគ្រឹកគគ្រែងជ្រកក្រោមលេសលៀសទីផ្សារ

កំពង់ឆ្នាំង: នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំណុចមាត់ទឹក សកម្មភាពឈ្មួញលៀសកំពុងតែសម្រុកដឹកយកទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រែងជ្រកក្រោមលេសលៀសទីផ្សារ ។

ជាក់ស្តែងសហការីសារព័ត៌មានយើងបានចុះទៅដល់ទីតាំងផ្ទាល់ បានសង្កេតឃើញថា (លៀស)ទាំងនោះខុសប្រក្រតី ក៏បានរាយការណ៍ជូន លោក ឈិន តួ មួយសន្ទុះក្រោយមក ក៏បានឃើញលោក ឈិន តួ នាយរងអធិការកិច្ចបឹងទន្លេងសាបខាងត្បូង ចុះមកពិនិត្យនៅនឹងកន្លែងទីតាំងផ្ទាល់ ក៏ពិនិត្យឃើញថាពិតជាមានលៀសតូចល្អិតៗមានទាំងសំបក ជាចើនកន្លែងច្រកពេញៗការ៉ុងដាក់បង្កប់ជាមួយលៀសទីផ្សារ ។

ខណៈពេលនោះដែលគេសង្កេតឃើញថា លោក កែវ ធូ នាយសង្កាត់ស្រុកបរិបូណ៌ នៅតែផ្គើននឹងបទបញ្ជា របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មហាមដាច់ខាតមិនអោយនេសាទលៀសតូចៗដែលជាប្រភេទលៀសស្ងោរដឹកយកទៅប្រទេសវៀតណាម ប៉ុន្តែលោក កែវ ធូ មិនដែលខ្វល់នៅតែបន្តចេញពាក់មីជាបន្តបន្ទាប់និងពុំដែលចុះអនុវត្តឬក៏ទប់ស្កាត់បានម្ដងណាឡើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏បានឱ្យដឹងដែរថាជារៀងរាល់ថ្ងៃអ្នកកាវលៀសនៅក្នុងឃុំឆ្នុកទ្រូកំពុងកាវលៀសដាច់មងដាច់សន្ទូច និងកំពុងតែបំផ្លាញផ្លូវថ្នល់ជារៀងរាល់ថ្ងៃខូចស្ទើរគ្រប់ទីកន្លែងដោយសារតែការដឹកជញ្ជូនលៀសដោយរថយន្ដខ្នាតធំៗទាំងនេះ។

ចំណែកពួកអ្នកកាវលៀសបានឡើងលៀសចល័តជារៀងរាល់ថ្ងៃ នៅចំណុចកំពង់ទឹកយុគន្ធ ឆ្នុកទ្រូ សេះស្លាប់  ដែលគេដឹកតាមរថយន្តធំៗរាប់សិបតោន ខូចផ្លូវលំក្នុងមូលដ្ឋាន ហើយប្រជាពលរដ្ឋក៏បានស្នើសុំអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជួយពិនិត្យមើលករណីខាងលើនេះផង។

ប្រជានេសាទលក្ខណៈគ្រួសារសំណូមពរទៅដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម សូមចាត់វិធានការទប់ស្កាត់ករណីការដឹកជញ្ជូនលៀសចំណីខាងលើនេះ ដើម្បីរក្សានូវធនធានជលផល ក៏ដូចជាលៀសនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជីវចម្រុះរបស់ជាតឲ្យគង់វង្សបាន៕

           រាយការណ៏ដោយ លោក នៅ ផល សហការីប្រចាំខេត្តកំពង់ឆ្នាំង

            

                                                  






 


Powered by Blogger.