ឯកឧត្តម ស សុខា បង្ហាញជោគជ័យធំៗ ៥ របស់កម្ពុជា ដល់អ្នកចូលរួមក្នុងស្រុកស៊ីធរកណ្តាល ជាង ២ពាន់នាក់

 ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកបង្ហាញពីជោគជ័យធំៗជាប្រវត្តិសាស្ត្រ ចំនួន ៥ ដែលកម្ពុជាសម្រេចបាន ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ជូនដល់អ្នកចូលរួមជាង ២ពាន់នាក់ ក្នុងស្រុកស៊ីធរកណ្តាល។

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ២៧២នាក់ ក្នុងស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ជោគជ័យធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលឯកឧត្តម ស សុខា បានលើកឡើងនាឱកាសនោះ រួមមាន ៖
ទី១. ក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន កាលពីឆ្នាំ២០២២ កន្លងមកនេះ។

ទី២. កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះអស់រយៈពេលជាង ៦០ឆ្នាំ មកហើយ។ ជាលទ្ធផលក្នុងការរៀបចំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង និងទទួលបានមេដាយសរុប ចំនួន ២៨២គ្រឿង (មេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧) និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស)។

ទី៣. កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិដ៏ស្មុគស្មាញនៅប្រទេសមីយ៉ាន់ម៉ា និងបានចូលរួមបំពេញតួនាទីយ៉ាងសកម្មជាច្រើនទៀតក្នុងតំបន់។

ទី៤. ក្នុងក្របខណ្ឌអន្តរជាតិ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មលើកិច្ចការជាច្រើនដូចជា ៖ កម្ពុជាបានធ្វើជាសហស្ថាបនិកក្នុងការបោះឆ្នោតគាំទ្រសេចក្តីសំរេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ទី៥. កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៨ ៣០០នាក់ តាំងពីឆ្នាំ២០០៦ មក ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន ៩ រួមមាន ៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រិ្វកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺ និងយេមែន។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងការងារការបរទេស គឺបានលើកកម្ពស់តួនាទី និងកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាយើង នៅលើឆាកតំបន់ និងអន្តរជាតិ ដែលនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជិត ៥ឆ្នាំ មកនេះ រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានប្រកាសជូនប្រជាពលរដ្ឋកាលពីដើមអាណត្តិ។ ឯកឧត្តមបន្តទៀតថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានមកដោយសារការចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែង និងការសម្រេចបាននូវសមិទ្ធផលសង្គមលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ ដោយបានប្រែក្លាយឋានៈកម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕

                                        

                                        














                                     
 

Powered by Blogger.