នាយករដ្ឋមន្ត្រីកម្ពុជា៖នយោបាយជ្រុលនិយមជាគ្រោះថ្នាក់សម្រាប់ជាតិ
សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថានយោបាយជ្រុលនិយមបោកប្រាស់ញុះញង់ របស់ក្រុមអគតិមួយចំនួនចង់ឱ្យមានអរិយភាពជាមួយប្រទេសជិតខាងវាជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ ។
ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុនសែនបានលើកជាសំណួរទៅកាន់កម្មករថាឥឡូវយើងអាចចោទចេញជាសំណួរថា ប្រសិនជាអ្នកដទៃ ដែលមួយថ្ងៃៗ គិតតែរករឿងវៀតណាមគិតតែចង់ធ្វើសង្គ្រាមដើម្បីរំដោះយកវៀតណាមខាងត្បូង ដែលហៅថា កម្ពុជាក្រោម (ឬ កូសាំងស៊ីន) សួរថាថ្ងៃនេះ មានរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស នៅទីនេះទេ។
សម្តេចបានគូសបញ្ជាក់ថាសម្ដេចជាមេដឹកនាំដែលបានដឹកនាំបញ្ចប់សង្គ្រាមនៅកម្ពុជាហើយបានដាក់ចេញនូវគោលដៅ២ គឺទី១.គឺប្រែក្លាយតំបន់ព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង ទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ និង ទី២.ប្រែក្លាយតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ សម្រាប់នាំចេញ។សម្តេចបន្តថាឥឡូវផ្តើមចេញពីចំណុចនេះ អាចបង្ហាញថា គោលដៅដែលសម្ដេចដាក់ចេញវាបានប្រែក្លាយទៅជាផ្លែផ្កា។
តាមរយៈនៃចំនួនរោងចក្រនិងតំបន់ឧស្សាហកម្ម ដែលនៅជាប់ជាមួយនឹងប្រទេសវៀតណាមនេះមានចំនួនរហូតដល់៩ កន្លែង។ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា មាននយោបាយសន្តិភាព បាននាំឱ្យប្រទេសជាតិរីកចម្រើនជាច្រើន លើគ្រប់វិស័យ ជាពិសេសតំបន់ព្រំដែន ដែលជាអតីតសមរភូមិប្រយុទ្ធ បានក្លាយជាតំបន់សេដ្ឋកិច្ចទីផ្សារ និងការអភិវឌ្ឍ។
ជាមួយនេះដែរ ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវបែបនេះហើយ ទើបនាំឱ្យតំបន់ព្រំដែនមាន ការរីកចម្រើន ដូចជា រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលនាំអ្នកវិនិយោគិនមកបណ្ដាក់ទុន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមថា ទាក់ទិននឹងការអភិវឌ្ឍនេះ កម្ពុជា និងវៀតណាមមានការតភ្ជាប់គ្នា ដោយតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះមិនមែននាំចេញទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ ដែលមានចម្ងាយ យ៉ាងឆ្ងាយនោះទេ ភាគីទាំង២មានកិច្ចសហប្រតិបត្តិការនាំទៅកាន់ កំពង់ផែខាងវៀតណាម ដែលមានតម្លៃថោកជាង ហើយផ្នែកការតភ្ជាប់ផ្សេងទៀត ដូចជាគមនាគមន៍ដឹកជញ្ជូន បញ្ហាអគ្គិសនី ឌីជីថលទូរគមនាគមជាដើម ត្រូវបានតភ្ជាប់ពីវៀតណាម ដើម្បីធ្វើការជាមួយគ្នា។
ក្នុងន័យនេះសម្ដេចតេជោអះអាងថា នយោបាយសន្តិភាពរបស់កម្ពុជាវាស្របគ្នា នឹងនយោបាយសន្តិភាព របស់វៀតណាមផងដែរ ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា ទៅវិញទៅមក។សម្តេចហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។
ជាមួយគ្នានេះ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករ និយោជិត និងថៅកែរោងចក្រ។ សម្តេចតេជោ បានប្រកាសជំរុញ និងលើកទឹក ចិត្ត ឱ្យមានការដោះស្រាយបញ្ហានានា នៅរោងចក្រ សហគ្រាសនៅនឹងមូល ដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។គួរបញ្ជាក់ថា ខេត្តស្វាយរៀង ឆ្នាំ២០២៣ នេះ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មានកម្មករនិយោជិតប្រមាណជិត ៩ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕
Post a Comment