ប្រជាពលរដ្ឋមួយចំនួនធៀបនគរបាលចរាចរណ៍ឃ្លុំមុខដូច«ចោរ»! ដោយលែកឯកឧត្តម ស សុខា យល់ឃើញថា..................

 នៅពេលដែលសាធារណៈមួយចំនួនកំពុងបញ្ចេញទស្សនៈចម្រុះជុំវិញករណីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ដោយឃ្មុំមុខនឹងក្រណាត់ រហូតអ្នកខ្លះថែមទាំងប្រៀបធៀបថាដូចជា«ចោរ»ផងនោះ ឯកឧត្តម សុ សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនជុំវិញករណីនេះដែរ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលឯកឧត្តម ស សុខា បង្ហោះនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ថ្មីៗនេះ បណ្ដាញសារព័ត៌មានអនឡាញ និងបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានថតរូបភាពនគរបាលចរាចរណ៍ប៉ុន្មាននាក់ឈរជើងហាលក្ដៅអនុវត្តច្បាប់ចរាចរណ៍ យកមកផ្សព្វផ្សាយ និងបញ្ចេញមតិ ចាក់ស្រោចលើគ្នាដែលឃ្លុំមុខ និងពាក់វែនតាខ្មៅ ធ្វើសកម្មភាពផាកពិន័យអ្នកប្រើប្រាស់យានខុសច្បាប់ ជាអាទិ៍អ្នកដែលអត់មួកសុវត្ថិភាពជាដើម។

ខ្លឹមសារផ្សព្វផ្សាយនិងបញ្ចេញមតិ បើខ្ញុំសំយោគរួម មានដូចជា «…នេះឬអ្នកអនុវត្តច្បាប់? បើត្រឹមត្រូវបរិសុទ្ធផូរផង ហេតុអ្វីចាំបាច់ឃ្លុំមុខ ពាក់វែនតាខ្មៅ ធ្វើដូចចោរ?…ធ្វើឱ្យប្រជាពលរដ្ឋខ្លាចរអា…ចេះតែមានអារម្មណ៍ថា បើសិនជាមន្ត្រីត្រឹមត្រូវ មន្ត្រីល្អ គោរពច្បាប់ត្រឹមត្រូវ ហេតុអ្វីក៏ចាំបាច់យកក្រណាត់រុំមុខជិតឈឹង ពាក់វែនតាខ្មៅ…មើលមិនស្គាល់មុខមនុស្ស…មើលទៅគួរឱ្យខ្លាច…គួរឱ្យភ័យខ្លាច ដែលមិនបញ្ជាក់ថាជាមនុស្សម្នានឹងគេជាដើម…និងការបញ្ចេញមតិជាច្រើនទៀត បែបដាក់បន្ទុកធ្ងន់ៗលើនគរបាលចរាចរណ៍ប៉ុន្មាននាក់នោះ…»។


សម្រាប់ទស្សនៈខ្ញុំ ខ្ញុំសូមចូលរួមមតិមួយចំនួនដូចខាងក្រោម៖១.បើតាមខ្ញុំធ្លាប់ឆ្លងកាត់លើការងារនេះ ពុំមានច្បាប់ណាហាមប្រាម មិនឱ្យនគរបាលចរាចរណ៍ពាក់ម៉ាស ឬក្រណាត់រុំមុខបាំងឬគ្រប់លើនោះឡើយ។ ករណីនេះ គួរយើងពិនិត្យអំពីភាពសមហេតុផលមួយចំនួន ទី១ អាចមកពីបញ្ហាកូវីដី១៩ ចាប់ផ្ដើមរើឡើងវិញ ដែលគ្នាត្រូវការពារសុខភាពដែរ។ ទី២សមប្រកបនឹងអាកាសធាតុមួយរយៈនេះឡើងកំដៅខុសប្រក្រតី ដែលគ្នាឈរហាលក្ដៅរាប់ម៉ោង។ ទី៣ យើងដឹងហើយថា ស្រុកយើងកំពុងអភិវឌ្ឍ តាមដងផ្លូវតែងតែមានធុលីហុយប៉ះទាំងមុខ ក ចូលទាំងច្រមុះ អាចបង្កជាមេរោគផ្សេងៗ។ ទី៤ ជាការពិតមកពីពួកគេជាមនុស្សមហាជន ទើបជាចំណុចផ្ដោត តែបើជាយើងវិញ ក៏ពាក់ម៉ាស រុំមុខ ពាក់វែនតា ពាក់មួកការពារកំដៅថ្ងៃ(មួកក្រណាត់គ្របក្បាលបាំងមុខរុំកទំលាក់លើស្មា…) បាំងឆ័ត្រដែរ។



ញុំក៏ដូចគ្នា! និយាយឱ្យខ្លី ទាំងយើងទាំងគេ ក៏ត្រូវគិតពីសុខភាពខ្លួនឯងដែរ។ ណាមួយពួកគាត់មានកាតព្វកិច្ចច្រើនក្រៅពីចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅណាមួយ ដើម្បីពញាក់ដាស់អារម្មណ៍អ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យប្រុងប្រយ័ត្នជាប្រចាំដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ពួកគេត្រូវបំពេញភារកិច្ចសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ តាមដងផ្លូវ ពេលថ្នាក់ដឹកនាំ ឬគណប្រតិភូជាតិអន្តរជាតិធ្វើដំណើរ ពិសេសកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងនោះ។

២.ជាការពិត ខ្ញុំទទួលស្គាល់ថា ពួកគាត់ប្រើក្រណាត់រុំមុខបែបចម្រុះពណ៌ មើលទៅប្លែកបន្តិច តែមិនដល់ថ្នាក់ នាំទៅដល់ការវាយតម្លៃថា ជាមន្ត្រីបែបនេះបែបនោះ ជាពិសេស លើកឡើងថាគ្នា«ដូចចោរ»នោះទេ។ មែនទែនទៅ យើងអាចប្រើពាក្យពេចន៍ឃ្លាប្រយោគផ្សេងទៀតជាច្រើន ដែលសាមីខ្លួន អង្គភាព ក្រសួងទទួលបន្ទុក និងមហាជនទូទៅ ទទួលយកបាន យកមកពិនិត្យ ពិចារណា ណែនាំ តម្រង់ទិស កែសម្រួល ដើម្បីភាពល្អប្រសើរទាំងអស់គ្នាបាន។



 

៣.ជាគោលការណ៍ផ្ទាល់ខ្លួន ខ្ញុំពុំមែនអគតិនឹងបងប្អូនអ្នកសារព័ត៌មាន ឬការបញ្ចេញមតិណាមួយនោះឡើយ ព្រោះខ្ញុំយល់ថា ទាល់តែមានការចូលរួមពីទាំងអស់គ្នាទើបយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងរកដំណោះស្រាយទាន់ពេល មានប្រសិទ្ធភាព ដូចដែលខ្ញុំតែងលើងឡើងថា «ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ»។

ដូច្នេះក្នុងករណីនេះ ខ្ញុំគិតថា បងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គម អាចផ្ដោតជាសំខាន់បំផុតចំពោះការអនុវត្តតាមគោលដៅរបស់នគរបាលចរាចរណ៍ ដូចជា តើសកម្មភាពផាកពិន័យត្រឹមត្រូវតាមនីតិវិធី និងច្បាប់ចរាចរណ៍ទេ? អាកប្បកិរិយា ឥរិយាបថ និងសម្ដីសម្ដៅ សមស្របជាមន្ត្រីអនុវត្តច្បាប់ដែរទេ?

ទេ ខ្ញុំលើកឡើងនេះ ពុំមែនបង្អាក់បន្ទុចការមើលឃើញរូបភាពប្លែកៗរបស់មន្ត្រីក្ដី មហាជនទូទៅក្ដី ដូចករណីរុំក្រណាត់ជិតមុខរហូតដល់ក ឬដូចនិនចារនោះទេ ហើយក៏មិនរំខានសិទ្ធិសេរីភាពសារព័ត៌មាន ឬសេរីភាពបញ្ចេញមតិរបស់បងប្អូនដែរ គ្រាន់តែថា បើយើងទំលាប់ប្រើសិទ្ធិទាំងនេះ ក្នុងស្មារតីស្ថាបនាគ្នាទៅវិញទៅមក គឺកាន់តែវិសេសវិសាល។


ករណីខ្លះ បើសិនជាអាចអត់ធ្មត់ឬរង់ចាំបន្តិច បងប្អូនអ្នកសារព័ត៌មាន អាចលៃលកយកពេលស្វែងរកការបញ្ជាក់មូលហេតុពីសាមីខ្លួន ឬពីអ្នកនាំពាក្យ ឬក៏ពីអង្គភាព នោះយើងនឹងយល់គ្នា ហើយការផ្សាយចេញកាន់តែមានប្រត្យក្ស ទទួលយកបានទាំងអស់គ្នា។

ជាការពិត ខ្ញុំទទួលស្គាល់ថារឿងខ្លះបន្ទាន់ដែលត្រូវចេញផ្សាយ ប៉ុន្តែក៏ទាមទារការថ្លឹងថ្លែងអំពីតុល្យភាពក្នុងរង្វង់ក្រមសីលធម៌វិជ្ជាជីវិៈដែរ, មែនទេ?៤.ដោយសារខ្ញុំ ធ្លាប់ធ្វើជានគរបាលចរាចរណ៍ ឈរតាមដងផ្លូវហាលក្ដៅភ្លៀងខ្យល់ផ្គររន្ទះ ខ្ញុំអាចដឹងសុខទុក្ខខ្លះរបស់នគរបាលចរាចរណ៍។ តែទោះយ៉ាងណា ខ្ញុំមិនការពារមន្ត្រីណាដែលធ្វើខុសពីច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈនោះទេ។

ដូចបងប្អូនអ្នកសារព័ត៌មាន និងបងប្អូនមហាជន បានឃើញជារឿយៗ ខ្ញុំក៏តែងបញ្ចេញមតិកែលម្អស្ថាបនា នគរបាលចរាចរណ៍ក្ដី និងមន្ត្រីផ្សេងៗទៀតក្ដី ដែលប្រព្រឹត្តិខុសឆ្គងជាអន្លើរ។ ខ្ញុំមិនថា បងប្អូនមើលតែមួយជ្រុងនោះទេ តែជាសត្យានុម័ត អ្វីក៏ដោយបើយើងគិតថាអវិជ្ជមាន នឹងឃើញអវិជ្ជមាន។ បើយើងគិតថាវិជ្ជមាន នឹងឃើញវិជ្ជមាន។ តែបើយើងមើលគ្រប់ជ្រុង យើងនឹងឃើញទាំងវិជ្ជមាន និងអវិជ្ជមាន ជួនអីឃើញវិជ្ជមានទាំងអស់ក៏មាន។ ប្រសិនបើឃើញចំណុចអវិជ្ជមានយើងអាចលើកយោបល់ប្រកបដោយក្រមសីលធម៌ ដើម្បីកែលម្អចំណុចអវិជ្ជមាននោះ ដោយយើងហ៊ានទទួលយកចំណុចវិជ្ជមានផងដែរ។

ខ្ញុំសូមនិយាយលេងបន្តិចទៅចុះ «មើលបងល្អខ្លះផង!»។ វាជាបទចម្រៀង តែអាចជាគតិមួយបែប។ តែងាកមកនគរបាលចរាចរណ៍វិញ បើបងប្អូនអាច សូមស្ដាប់បទ «ពុកខ្ញុំជាប៉ូលីសចរាចរណ៍» បងប្អូនអាចស្រក់ទឹកភ្លែកដូចខ្ញុំ។ ខ្ញុំបញ្ជាក់ម្ដងទៀត ពុំមែនខ្ញុំសន្មតថា នគរបាលចរាចរណ៍ទាំងអស់សុទ្ធតែល្អនោះទេ ហើយក៏មិនសុទ្ធតែអាក្រក់នោះដែរ សំខាន់យើងពិនិត្យឫស្សគល់នៃបញ្ហា ជាជាងការធ្វើបុរេវិនិច្ឆ័យ។

ចាត់ទុកថា ជាសំណូមពររបស់ខ្ញុំក៏ថាបានក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំស្នើថា ភាគីពាក់ព័ន្ធគួរឈ្វេងយល់គ្នា ទទួលស្គាល់ចំណុចខ្វះចន្លោះរបស់គ្នាទៅវិញទៅមក ក្នុងនាមខ្មែរ ងាកមករួបរួមគ្នា ជួយសង្គមមួយនេះឱ្យកាន់តែរីកចំរើនរុងរឿង ចៀសជាងការចង់ចាញ់ចង់ឈ្នះគ្នា។

ចំពោះរឿងនេះ យើងចាត់ទុកជាពិសោធន៍ក្នុងវិជ្ជាជីវៈអ្នកសារព័ត៌មានផង ជំនាញកងកម្លាំងផង និងវិសាលភាពនៃការបញ្ចេញមតិក្នុងនាមអ្នកប្រើប្រាស់បណ្ដាញសង្គមផង ដើម្បីចៀសវាសរឿងកើតឡើងដដែលជាដដែល។ ប្រសិនបើខុសឆ្លងខ្វះចន្លោះដោយប្រការណាមួយ សូមយោគយល់!០៤ ខែមិថុនា ឆ្នាំ២០២៣៕






Powered by Blogger.