ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន

 
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកសំពៅលូន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើ ៥ចំណុច ទៅកាន់អង្គពិធីទាំងមូល ដូចខាងក្រោម ៖
១. ដោយសាររដូវនេះជារដូវភ្លៀង សូមបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ រក្សាអនាម័យដោយ អនុវត្តតាមទិសស្លោក (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ ត្រូវរួមគ្នាការពរជំងឺគ្រុនឈាម តាមរយៈការសម្រាកសម្រាន្តនៅក្នុងមុង និងកម្ចាត់ឲ្យអស់នូវទីតាំងដែលជាជម្រកមូសខ្លា។

២. សូមបង្កើនការយកចិត្តដាក់ចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលអាចមានបង្កប់នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនឬតំបន់សរវាង ប្រទេសកម្ពុជានិងថៃ ដែលនៅសេសសល់តាំងពីសម័យសង្គ្រាម ព្រោះស្រុកសំពៅលូននេះ មានគ្រាប់មីនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាម នៅសេសសល់នៅឡើយ។

៣. សូមឲ្យបាននូវស្មារតីសាមគ្គីភាពនៅក្នុងសហគមន៍ ចៀសវាងឲ្យខាងតែបាននូវការរើសអើងនយោបាយ ការប្រកាន់បក្ខពួកនិយមដែលនាំឲ្យមានប្រេះឆា កើតមានក្តីក្តាំរហូតដល់មានជម្លោះទាស់ទែង លែងដឹងខុសដឹងត្រូវ។

៤. សូមអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យទី២៣ កក្កដា ខាងមុខនេះ។ សូមចាំថាសន្លឹកឆ្នោត ១សន្លឹក របស់លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីងមា ពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរការលើកស្ទួយលទ្ធិប្រជាធិបត្យ ក៏ដូចជាអភិវឌ្ឍប្រទេស។

៥. ចំពោះអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ច ដែលមានវត្តមាននៅទីនេះ និងនៅ តាមអង្គភាពពាក់ព័ន្ធនានា សូមបន្តយកចិត្តទុកដាឆ្លើយតប អោយបានទាន់ពេលវេលានូវតម្រូវការ ក៏ដូចជាសំណូមពររបស់ពលរដ្ឋនៅតាមមូលដ្ឋាន និងសូមចៀសឲ្យបាននូវការរើសអើងនិន្នាការនយោបាយ៕

                                        











                                   

Powered by Blogger.