ឯកឧត្តម ឃុន សាវឿន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ជំនួសមុខឯកឧត្ដម ធឿន ចាន់ធួន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីណា ប្រធានគណៈកម្មាធិការគណបក្សស្រុកបុរីអូរស្វាយសែនជ័យ ឯកឧត្តម ឃុន សាវឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកបុរីអូរស្វាយសែនជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី អាជ្ញាធរ ព្រមទាំងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ ដែលស្រឡាញ់ និងជឿទុកចិត្ត ហើយបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់នានីតិកាលទី៧ នេះ និងបានឈ្នះដាច់តាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ។

លទ្ធផលនេះក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋ ក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជា ដូច្នេះយើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋ និងរាស្ត្រ ទាំងបក្ស និងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាពឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ ដើរឱ្យទាន់ពិភពលោកនាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា។

ជាចុងក្រោយ ឯកឧត្តមបានបញ្ជាក់ថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសយ៉ាងល្អប្រសើរ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕





 

Powered by Blogger.