ប្រមុខការពារជាតិ៖ ការសាងសង់មូលដ្ឋានសមុទ្ររាម នឹងលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
សមុទ្ររាម៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ការសាងសង់សមុទ្ររាមបានកំពុងដំណើរការយ៉ាងសកម្ម ខណៈការសាងសង់នេះគឺដើម្បីបង្កើន សមត្ថភាពកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។
តាមរយៈផេកហ្វេសបុកផ្ទាល់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា «ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់មូលដ្ឋានសមុទ្ររាម បាននិងកំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក ដែលជាសំណង់ដ៏ធំមួយ នឹងលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀតនាពេលអនាគត»។សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានបើកការរដ្ឋានសាងសង់ នៅមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ដោយការសាងសង់នេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ការសាងសង់នូវសមុទ្ររាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ម្តងហើយម្តង ទៀតថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ច សម្រាប់ប្រទេសជាតិនីមួយៗដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួន សម្រាប់តំបន់ និងពិភពលោក។
សម្តេចពិជ័យសេនាក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ កម្ពុជានឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាពជាដើម។សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ជារឿយៗផងដែរថា ការសាងសង់សមុទ្ររាមនេះគឺមិនដកថយ នោះទេ បើទោះបីជាមានការរិះគន់ និងមានការចោទប្រកាន់ណាមួយពីប្រទេសមហាអំណាចមួយចំនួនក៏ដោយ ខណៈសម្ដេចបានចាត់ទុកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ៕
Post a Comment