មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈភាគខាងជើងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង


ចិន៖ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង និងទីក្រុងភាគខាងជើងមួយផ្សេងទៀត ខណៈដែលតំបន់ភាគច្រើននៃប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ ខែកក្កដា)។

ព្យុះដ៏គ្រោះថ្នាក់ Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ (ទី២៨ ខេកក្កដា) មក នៅពេលដែលព្យុះនោះ បានបោកបក់ក្នុងល្បឿនយ៉ាងលឿនចូលមកក្នុងខេត្ត Fujian ភាគខាងត្បូង បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងនាមជាព្យុះទីហ្វុង។ រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ត្រូវភ្លៀវធ្លាក់យ៉ាងជោគជាំ កាលពីចុងសប្តាហ៍កន្លងមក ដោយក្រុមមន្ត្រី បានព្រមានអំពីស្ថានភាពដែលអាចមានគ្រោះថ្នាក់ រួមមានទឹកជំនន់ កម្រិតទឹកទន្លេឡើងខ្ពស់ បំណាក់ល្បាប់ភក់ និងបំណាក់ដី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្សជាង ២៧.០០០នាក់ នៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញ ហើយ ២០.០០០នាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅពីផ្នែកខ្លះនៃខេត្តជិតខាង ក្នុងទីក្រុង Shijiazhuang ( ស៊ើជាជ័ង)របស់ខេត្ត Hebei។

មនុស្សរាប់រយលាននាក់នៅភាគខាងជើងប្រទេសចិន ក្នុងនោះរួមទាំងនៅទីក្រុងប៉េកាំង នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ភ្លៀងធ្លាក់ខ្លាំង យ៉ាងហោចណាស់ក៏រហូតដល់រសៀលថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ។

ការជូនដំណឹងននេះ គ្របដណ្ដប់លើចំនួនប្រជាជន ២២លាននាក់របស់ទីក្រុងប៉េកាំង និង ១៤លាននាក់របស់ទីក្រុង Tianjin ក៏ដូចជាផ្នែកខ្លះនៃខេត្ត Hebei, Shanxi, Shandong និង Henan។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នេះជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលការព្រមានពីភ្លៀងធ្លាក់ខ្លាំងបែបនេះត្រូវបានធ្វើឡើង៕     

                                       




 

Powered by Blogger.