លោក Elon Musk បានប្រកាសប្ដូរឈ្មោះ និងនិមិត្តសញ្ញារបស់ Twitter ទៅជា X

ម្ចាស់ Twitter លោក Elon Musk បានប្រកាសកាលពីថ្ងៃអាទិត្យថា រូបសញ្ញាសត្វចាបដ៏ល្បីរបស់ Twitter នឹងត្រូវប្តូរទៅជាអក្សរ “X” នៅពេលឆាប់ៗនេះ។ លោក Musk បាននិយាយថា ការផ្លាស់ប្តូរនឹងចាប់ផ្ដើមនៅថ្ងៃចន្ទ ប៉ុន្តែគាត់បានបង្ហោះសារនៅប៉ុន្មានម៉ោងក្រោយមកថា៖«ឡូហ្គោថ្មី X នឹងផ្សាយបន្តផ្ទាល់នៅពេលក្រោយនៅថ្ងៃនេះ»។

កាលពីព្រឹកថ្ងៃអាទិត្យ លោក Musk ក៏បានបង្ហោះវីដេអូខ្លីមួយអំពី “X” ក្រោយមកនៅក្នុងការជជែកជាសំឡេងលើ Twitter Spaces គាត់បានឆ្លើយតបថា «បាទ» នៅពេលដែលមានគេសួរថា តើឡូហ្គោរបស់ Twitter នឹងផ្លាស់ប្តូរដែរ ឬទេ។

កាលពីរសៀលថ្ងៃអាទិត្យ អាស័យដ្ឋានគេហទំព័រ x.com ដែលធ្លាប់ជា domain របស់ Paypal ប៉ុន្តែត្រឡប់មកជារបស់លោក Musk នៅក្នុងឆ្នាំ២០១៧ ត្រូវបានគេរាយការណ៍ថា បានធ្វើការបញ្ជូលបន្ដ (redirect) ទៅកាន់ Twitter នៅពេលមានអ្នកចូលគេហទំព័រមួយនោះ។ យ៉ាងណាក៏ដោយ x.com មិនដំណើរការទេពេលនេះ។ ជម្រាបដែរថា ការប្ដូររូបសញ្ញាចាបខៀវ ទៅជាអក្សរធំ X នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំចុងក្រោយបង្អស់ ចាប់តាំងពីមហាសេដ្ឋីរូបនេះបានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីឆ្នាំមុន។

Twitter បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ចាប់តាំងពីលោក Musk បានទិញយកក្រុមហ៊ុននេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ នៅក្នុងខែតុលា ឆ្នាំ២០២២។ កំពូលសហគ្រិន និងមហាសេដ្ឋីពាន់លានរូបនេះ បានកាត់បន្ថយកម្លាំងពលកម្ម និងកាត់បន្ថយការចំណាយ ខណៈបន្ដផ្លាស់ប្តូរគោលនយោបាយចាស់របស់ Twitter ដែលវាបានធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកផ្សាយពាណិជ្ជកម្មខកចិត្តយ៉ាងខ្លាំង។ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ Twitter បានធ្លាក់ចុះពាក់កណ្តាល ហើយក្រុមហ៊ុននេះកំពុងឈានទៅរកការក្ស័យធន៕







Powered by Blogger.