សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានចុះអធិការកិច្ចច្រឹប និងតម្រឹមរបាំងសាច់អួន ខុសក្រឡា និងលើសប្រវែងកំណត់ នៅផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ។
ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមានលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង រួមសហកាជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ឈិន តួ នាយរងអធិការ រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអគ្គស្នងការនគរបាលជាតិ រួមជាមួយកងរាជអាវុធហត្ថខេត្ដ ស្រុកក្រគរ យោធាខេត្ដ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងអធិការកិច្ច ចាប់ពីឃុំកំពង់លួង រហូតដល់ចំណុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុប ចំនួន៤៥នាក់ និងកាណូត ចំនួន១០គ្រឿង ។
លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការចុះធ្វើអធិការកិច្ចនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានច្រឹប និងតម្រឹមរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងកំណត់ ជាលទ្ធផលបាន០១ករណី របាំងសាច់អួន ១៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ក្បាលបរ ចំនួន ១១គ្រឿង លូកងសាច់អួន ចំនួន០៩មាត់ បង្គោលចំនួន ៧៥០ដើម នឹងចាក់លែងត្រី ចំនួន៧៥គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ ៕
Post a Comment