បង្ក្រាបទីតាំងមួយកន្លែង លួចនាំចូលគ្រឿងបន្លាស់ម៉ាកតូយូតា ដោយខុសច្បាប់
រាជធានីភ្នំពេញ ៖ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងមួយកន្លែងដែលលួចនាំចូលនូវគ្រឿងបន្លាស់យានយន្ត ដែលផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចដកហូតនូវផលិតផល ចំនួន ២៦មុខ ស្មើនឹង ២,៤៤០ គីឡូក្រាម ។
អគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបទៅលើផលិតផលក្លែងបន្លំម៉ាកតូយូតា បំពានសិទ្ធិផ្តាច់មុខ នេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា។ ដោយចុះត្រួតពិនិត្យរយៈពេល ០៥ថ្ងៃ មកហើយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ យ៉ាងណា មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. មិនបានបង្ហាញអត្តសញ្ញាណម្ចាស់ទីតាំងនោះឡើយ។
មន្ត្រីក.ប.ប. នឹងបន្តចុះអនុវត្តការត្រួតពិនិត្យ និងបង្ក្រាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ សំដៅរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មក្នុងសកម្មភាពប្រកបដោយភាពសុចរិត គោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជៀសវាងបាននូវការប្រឈមចំពោះផ្លូវច្បាប់ជាយថាហេតុ ៕
Post a Comment