សមត្ថកិច្ចបញ្ជូនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ៦នាក់ និងថ្នាំញៀនជាង ៧៨០គីឡូក្រាម ទៅតុលាការចាត់ការតាមច្បាប់
ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជូនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ៦នាក់ និងថ្នាំញៀនជាង ៧៨០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។
នៅពេលបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេតរយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំងជនជាតិចិន (តៃវ៉ាន់) ១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១+ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា២ក្រុម។
* ក្រុមទី១៖ នៅវេលាម៉ោង ០២៖៣០នាទី (យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ជាលទ្ធផលឃាត់ជនសង្ស័យ២នាក់ ជនជាតិចិន(តៃវ៉ាន់) ឈ្មោះ AN CHI WEI កើតឆ្នាំ១៩៩២ និងឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ក្នុងនោះ ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទកេតាមីន ចំនួន៧៨៥ដុំ ស្មើទម្ងន់៧៨៩គីឡូក្រាម និងរថយន្ត១គ្រឿង ទូរស័ព្ទ២គ្រឿង។
* ក្រុមទី២៖ នៅវេលាម៉ោង ០៧៖៣០នាទី (ព្រឹក) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ០៣ គម្រោងទី៧ បុរីប៉េងហួត (បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ជនសង្ស័យ ៤នាក់ ជនជាតិចិន (តៃវ៉ាន់) ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ១៩៨៦ (មេខ្លោង), ឈ្មោះ CHAN I YANG កើតឆ្នាំ១៩៨៩, ឈ្មោះ LIAO SHI BO កើតឆ្នាំ១៩៩៧, ឈ្មោះ TSAI YU CHING កើតឆ្នាំ១៩៨៨។ ក្នុងនោះ ចាប់យកវត្ថុតាង រថយន្ត៣គ្រឿង, ម៉ូតូ២គ្រឿង, ទូរស័ព្ទ៥គ្រឿង និងគណនីធនាគារ៨គណនី។
សរុបលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកេតាមីន ចំនួន៧៨៥ដុំ ស្មើទម្ងន់៧៨៩.៧៨១គីឡូក្រាម, រថយន្ត៤គ្រឿង, ម៉ូតូ២គ្រឿង, ទូរស័ព្ទ៧គ្រឿង និងគណនីធនាគារ៨គណនី។
សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗជាច្រើនករណីជាបន្តបន្ទាប់។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕
Post a Comment