មិនទុកទេ របាំងស្បៃមុង២២កន្លែងត្រូវបានចុះបង្ក្រាប
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ ជលផលជល់គិរី និងសហគមន៍នេសាទ បានចុះរុះរើរបាំងស្បៃមុង២២កន្លែង កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ។
លោក ខៀវ សុផារិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំកិច្ចប្រតិបត្តិការបានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទនៅពេលនេះ គឺបានសហការគ្នា ជាមួយអាជ្ញាធរដែនដីរួមទាំងសហគមន៍នេសាទ កៀនតាម៉ាផងដែរ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៣គ្រឿង ចុះធ្វើសកម្មភាពបង្ក្រាបនៅចំណុចវាលស្រង៉ែ កប់ជេស និងគោកទន្សាយ ក្នុងភូមិសាស្ត្រភូមិព្រៃគ្រី ឃុំព្រៃគ្រី និងឃុំពាមឆ្កោក ស្រុកជលគីរី។
លោកបានបន្តថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបានរុះរើរបាំងស្បៃមុងចំនួន២២កន្លែង មានប្រវែងជាង៧០០ម៉ែត្រ លប លូ ស្បៃមុង ២២មាត់ បង្គោល២៥០ដើម និងចាក់លែងកូនត្រីល្អិតចូលបឹងធម្មជាតិវិញរាប់សិបគីឡូផងដែរ ។ ក្នុងករណីនេះពុំមានចាប់ជនល្មើសណាម្នាក់បានឡើយដោយសារតែពេលសមត្ថកិច្ចទៅពួកគេចខ្លួនអស់។
សូមបញ្ជាក់ថា របាំងស្បៃមុងគឺជាបទល្មើសបំផ្លាញមច្ឆជាតិតូច-ធំគ្មានរើសមុខ ដែលច្បាប់នេសាទបានហាមឃាត់ជាដាច់ខាត ពិសេសក្នុងរដូវបិទនេសាទនេះតែម្ដង។ ប៉ុន្តែជារឿយៗនៅតែមានជនខិលខូច លួចដាក់ជារៀងរាល់ថ្ងៃក្នុងភូមិសាស្ត្រស្រុកជល់គីរី ៕
Post a Comment