ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿ​ងញៀនថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្ត​ម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត  និងលោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦  ខែមិថុនាឆ្នាំ២០២៣ ក្រោមប្រធានបទ"ប្រជាជនជាចម្បង៖បញ្ឈប់ការរើសអើង  និងម៉ាក់ងាយអ្នក​ញៀ​ន​គ្រឿងញៀនពង្រឹងការអប់រំបង្ការ" និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម  សាលដីកានិងសេចក្តីសម្រេចរបស់សាលាដំបូង ខេត្តស្វាយរៀងនិងខេត្តព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមប្រធានតុលាការ និងឯកឧត្ដមព្រះរាជអាជ្ញាខេត្តស្វាយរៀង និងខេត្តព្រៃវែង មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត បងប្អូនប្រជាពលរដ្ឋ សរុប ៧៧០នាក់ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ  ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត  បានដាក់ចេញនូវគោលដៅ មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារាចរណែនាំ និងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្ដែង​នៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិត រើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ។

២.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន​ពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ។

៣.ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

៤.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅ ដែល ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។

៥.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។

៦.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំ ណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ ខ្លួន ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជនគ្រឿងញៀន។

៧.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។

៨.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន ច្បាស់លាស់នូវ មុខ សញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ អាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។

៩.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ។

ជាទីបញ្ចប់នៃពិធី  ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត  រួមទាំងគណៈអធិបតីបានអញ្ជើញដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ២០.៥៤៤,២៧ក្រាមនៅទីតាំងប្រារព្ធពិធីនៅព្រឹកនេះផងដែរ៕

                                        







                                       
                                        

Powered by Blogger.