សមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនឧកញ៉ា អគ្គនាយក្រុមហ៊ុនពិភពដីមាស និងកងអង្គរក្ស
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋម បានអោយដឹងថា លោកឧកញ៉ា ហ៊ី គឹមហុង ជាអគ្គនាយកក្រុមហ៊ុន «ពិភពដីមាស» រួមទាំងអង្គរក្ស ចំនួន៩នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ច ឡោមព័ទ្ធចាប់ខ្លួនឧកញ៉ា និងគូកន ធ្វើឡើងនាល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ បន្តថា នៅពេលសមត្ថកិច្ចចូលធ្វើការសាកសួរលោកឧកញ៉ា នៅក្រុមហ៊ុនពិភពដីមាស ត្រូវកងអង្គរក្សរបស់លោកឧកញ៉ា បានវាយមកលើសមត្ថកិច្ច បណ្តលឲ្យមានរបួសជើងផងដែរ ខណៈពេលដែលសមត្ថកិច្ចចូលធ្វើការសាកសួរលោកឧកញ៉ា បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាតវ៉ាពាក់ព័ន្ធនឹងរឿងលុយថ្លៃការទិញដី ។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃចន្ទនេះ មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួបប្រមូលផ្តុំទៅមុខក្រុមហ៊ុន ដើម្បីទាមទារប្រាក់ថ្លៃការទិញដី។ បន្ទាប់មក នៅវេលាម៉ោងប្រមាណជា២រសៀលថ្ងៃដដែល ប្រជាពលរដ្ឋក៏នាំគ្នាតវ៉ា ដុតកង់ឡាន ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ។
សូមរម្លឹកថា លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញលិខិតកោះហៅលោកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ដែលឧកញ៉ាទាំង២រូបនេះ គឺជាអគ្គនាយកក្រុមហ៊ុន «ពិភពដីមាស» ត្រូវមកជួបជជែកដោះស្រាយគ្នា ជាមួយប្រជាពលរដ្ឋចំនួន ៤៨៤គ្រួសារ ក្នុងនោះមកពីស្រុកឈូក, ស្រុកដងទង, ស្រុកទឹកឈូ និងស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ប៉ុន្តែលោកឧកញ៉ាទាំង២នាក់ មិនបានចូលខ្លួនមកបំភ្លឺនោះទេ បែរជាចាត់តំណាងម្នាក់ មកជួបប្រជាពលរដ្ឋរងគ្រោះ ទៅវិញ ទាំងដែលមិនអាចដោះស្រាយអ្វីបានទាំងអស់ ។
ប្រជាពលរដ្ឋ ដែលបានចាញ់បោកក្រុមហ៊ុនពិភពដីមាស ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ សុទ្ធតែបាននិយាយទាមទារថា ខ្លួនមិនទទួលបានប្រាក់ការពីក្រុមហ៊ុនទេ និងសុំអោយក្រុមហ៊ុនសងប្រាក់ដើមឲ្យគ្រប់ចំនួន ដែលខ្លួនបានដាក់អោយក្រុមហ៊ុន ៕
Post a Comment