លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី លោកសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, លោក-លោកស្រី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, លោក-លោកស្រី អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។

លោកអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបានស្នើតែងតាំងមុខតំណែងដល់ ឯកឧត្តមអភិសន្ដិបណ្ឌិត ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨។

លោកអភិសន្ដិបណ្ឌិត បន្ដថា មុខតំណែងនេះគឺជាការទទួលខុសត្រូវយ៉ាងធំធេងប្រកបដោយមហាកិត្តិយសបំផុតដែលបានផ្ដល់ឱកាសឱ្យ លោកអភិសន្ដិបណ្ឌិត ដែលជាយុវជនជំនាន់ក្រោយ បន្ដដឹកនាំ និងចាត់ចែងស្ថាប័នជាតិដ៏មានសារៈសំខាន់មួយនេះ ដើម្បីចូលរួមចំណែកជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំដ៏ទៃទៀតក្នុងជួររាជរដ្ឋាភិបាលក្នុងការបន្ដថែរក្សា សន្ដិភាព សន្ដិសុខ សណ្ដាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ប្រជាធិបតេយ្យសេរីភាព និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ ការផ្ដល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។

ឆ្លៀតឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ទាំងអស់នៃក្រសួងមហាផ្ទៃ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច និងការទទួលខុសត្រូវបានយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពដែលធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបាននូវបេសកកម្មធំៗ និងសមិទ្ធផលជាតិនានាជាច្រើនក្នុងការថែរក្សាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការលើកកម្ពស់ ផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលជំនាន់មុន ជាពិសេស ក្រសួងមហាផ្ទៃ ដែលមាន សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លើសពីនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍រំលឹកថា ក្រោមការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង អស់រយៈពេល ៦ អាណត្តិ (រយៈ៣០ឆ្នាំ)កន្លងមក ក្រសួងមហាផ្ទៃ គឺសម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលជាមូលគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយរបស់ក្រសួង ឈានទៅសម្រេចបានបេសកកម្មធំៗជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ៕






Powered by Blogger.