កន្ទេលធំប្រលំដេក ការគ្រោងនិងបោះវិនិយោគរបស់ក្រុមហ៊ុនចិនលើវិស័យកសិកម្ម ក្នុងខេត្តកំពង់ធំ ក្លាយជាចំណុចក្ដៅរបស់អ្នកមានទឹកលុយ និងអ្នកមានអំណាចដោយប្រើរូបភាពផ្សេងៗដើម្បីយកដីរដ្ឋ

 កំពង់ធំ: ដីរដ្ឋប្រមាណជា៤ហិចតា នៅជាប់ផ្លូវជាតិលេខ50c ចំណុចច្រមុះជ្រូក ខាងជើងទួលគោកព្រះ ក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្លាយជាចំណីប្រទាញប្រទង់គ្នារវាងភាគីបីនាក់ ដែលចង់ក្លាយជាម្ចាស់ មិនខុសពីពាក្យថា ដណ្ដើមកន្ទេលគ្នាដេកកណ្ដាល នោះឡើយ ។


ករណីប្រទាញប្រទងដណ្ដើមចែកគ្នាមិនដាច់នេះ គឺបានកើតឡើងជិតមួយសប្ដាហ៍មកហើយ ដែលរហូតមកដល់ថ្ងៃនេះ គឺនៅមិនមានអ្នកណាចេញមុខកាន់កាប់ឲ្យប្រាកដ ដោយសារ ក្នុងនោះមានមនុស្ស៣នាក់ គឺមានឈ្មោះ សុងហេង ឈ្មោះស៊្រុន និងឈ្មោះរិទ្ធ ដែលភាគីទី១អះអាងថាខ្លួនកាប់យូរហើយ ហើយភាគី២ បានយកត្រាក់ទ័រទៅភ្ជួរ និងភាគី៣ ជាអ្នកយកស្រូវទៅព្រួស ដែលករណីនេះ ក៍មិនទាន់រកអាជ្ញារកណ្ដាលកាត់ក្ដីបាននៅឡើយដែរ ។


បើគេក្រឡេកមើលពីរករណីដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលបច្ចុប្បន្នវិញ រហូតមកដល់ថ្ងៃនេះ សង្គ្រាម រុករានទន្ទ្រានដីរដ្ឋ នៅតែជាចំណុចក្ដៅគគុកដូចបាយពុះ ខណះដែលបុគ្គលមានអំណាច និងអ្នកមានទឹកលុយ បាចសាចទឹកជះដាក់គ្នា បញ្ចេញមហិច្ឆិតាពង្រីកការឈួសឆាយលួចដីរដ្ឋដោយគ្មានញញឹត នៅគ្រាប់កន្លែងតាមតំបន់ដែលធ្លាប់មានអនុក្រឹត្យហាមឃាត់ ឬដីឆ្វៀល ក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្ទឹងសែន និងស្រុកកំពង់ស្វាយ ។


អ្វីដែលគួរឲ្យកត់សម្ភាល់នោះ គឺចាប់តាំងពីមានព័ត៌មានលេចឭថា មានក្រុមហ៊ុន ចិន ចូលមកវិនិយោគ លើវិស័យកសិកម្ម និងឧហ្សាហ៍កម្ម ពិសេសកាន់តែក្ដៅថែមទៀតនោះគឺក្រោយពីឃើញមានជំនួបពិភាគ្សារវាងរដ្ឋបាលកំពង់ធំ និងប្រតិភូតំ ណាងក្រុមហ៊ុន ចិន កាលពីពេលកន្លងទៅនេះ ខេត្តកំពង់ធំ បានផ្ទុះចេញនៅករណីក្រុមជនខិលខួចដោយមានឈ្មួញល្បីឈ្មោះមានលុយច្រើន និងអ្នកមានអំណាច ក្នុងនិងក្រៅខេត្ត បាននិងកំពុងញ៉ុះញ៉ុងឲ្យពលរដ្ឋសំរុកការកាប់រាន ទន្ទ្រានដីរដ្ឋ នៅតំបន់ភូមិសាស្ត្រស្រុកសណ្ដាន់ ស្រុកសន្ទុក ដែលជាដីប្រភេទដីឧហ្សាហកម្ម យ៉ាងអាណាធិបតេយ្យ ។ 


ដោយឡែកជាមួយគ្នានោះដែរ ដីរដ្ឋជាច្រើនពាន់ហិចតានៅតំបន់ភូមិសាស្ត្រស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ក៍បានក្លាយជាចំណុចប្រទាញប្រទង់ដណ្ដើមគ្នា រវាងអ្នកមានលុយ និងអ្នកមានអំណាច ប្រើប្រាស់រូបភាពលួចភ្ជួរដី លួចវៃព្រៃលិចទឹក ដែលមិនធ្លាប់អាស្រ័យផល យកធ្វើកម្មសិទ្ធសំរាប់ត្រៀមទុកលក់ឲ្យក្រុមហ៊ុនវិនិយោជផងដែរ ។


កាន់តែក្ដៅគគុកថែមទៀតនោះ ដើម្បីបិតបាំងការបែកធ្លាយព័ត៌មាន រសើបមួយនេះ គឺឈ្មូញល្បីឈ្មោះពូកែរចាយលុយ មួយរូបប្រចាំខេត្ត បានប្រើប្រាស់រូបភាពឲ្យអាជ្ញាធរ បំផុសពលរដ្ឋ នៅសង្កាត់ស្រយ៉ូវ ជិត៥០០គ្រួសារ ផ្តិតមេដៃបិតរូបថតលើពាក្យស្នើរសុំចូលបក្ស ដោយសន្យាជាថ្នូរផ្ដល់ដីតំបន់ដំរីរត់ តំបន់ស្នែងក្របី វាលតាលដាល ឲ្យពលរដ្ឋថែមទៀតផង។ 


ជាមួយសកម្មភាពអណាធិតេយ្យនេះ គេនៅមិនទាន់ឃើញមានចំណាត់ការ រដ្ឋបាលពីអាជ្ញាធរខេត្ត ឬជំនាញ លើបុគ្គលណាម្នាក់នៅឡើយទេ គឺត្រឹមតែកន្ទេលធំផ្សុំដេកឆ្លើយដាក់គ្នា ដោយប្រើប្រាស់ប្រព័ន្ធឆ្លើយឆ្លងថា ដីឆ្វៀលហើយធ្វើរបាយ ការណ៍ បិតបាំងព័ត៌មាន ទៅថ្នាក់លើតែប៉ុណ្ដោះ ។ 


ទោះយ៉ាងណា សកម្មភាពក្ដៅនេះ ពលរដ្ឋពិតប្រាកដសង្ឍឹម លើចំណាត់ការក្ដៅ កណ្ដាប់ដៃដែក និងវិធានការត្រឹមត្រូវ ពីរដ្ឋាភិបាលអាណតិទី៧ ដែលនិងធ្វើឲ្យវិស័យដីធ្លីនៅខេត្តកំពង់ធំ ប្រសើរឡើង ៕












Powered by Blogger.