លោកស្នងការ ជួន ណារិន្ទ បញ្ជាឲ្យសមត្ថកិច្ចវែកមុខរកក្រុមជនស្លៀកស៊ីវិល ដែលតាមកាក់ម៉ូតូគ្មានស្លាកលេខ នៅកោះពេជ្រ
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានចេញបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវវែកមុខ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ លើជនស្លៀកពាក់ស៊ីវិលមួយក្រុម ដែលជិះតាមកាក់ម៉ូតូគ្មានស្លាកលេខរបស់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ការបញ្ជានេះ ក្រោយមានគណនីហ្វេសប៊ុករបស់យុវជនម្នាក់ឈ្មោះ Lu Cia បានបង្ហោះវីដេអូ និងរូបភាព អមដោយសាររៀបរាប់ថា ៖ «លើកទីមួយសម្រាប់ខ្ញុំ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង០៩និង៥៩នាទីយប់ ខ្ញុំ និងមិត្តភក្ដិ០៣នាក់ ចេញពីកន្លែងញ៉ាំអី រួចជិះម៉ូតូនិយាយគ្នាតាមផ្លូវទៅផ្ទះ។ ពេលជិះដល់ត្រង់ចំណុចក្នុងបរិវេណសួនកោះពេជ្រ ស្រាប់តែមានជនស៊ីវិល ចំនួន០៥នាក់ទៅ០៦នាក់ ម៉ូតូជិះមកកៀរ ហើយស្រែកប្រាប់ពួកខ្ញុំឲ្យឈប់ ទាំងគ្មានអត្តសញ្ញាណណាមួយដែលសម្គាល់បានថា ពួកគាត់គឺជាប៉ូលិស ឬក៏ជាប្រជាការពារ នៅក្នុងតំបន់នោះឡើយ ហើយទីនោះ ស្ងាត់ពេក ទើបពួកខ្ញុំមិនព្រមឈប់ ក៏បន្តជិះទៅមុខពួកគាត់ព្យាយាមដេញតាមខ្ញុំ ហើយស្រែកតាមផ្លូវថា ពួកគាត់ គឺជាខាង “ប៉ូលិសខណ្ឌ” រហូតទាល់តែដល់កន្លែងមានមនុស្សអ៊ូអរទើបពួកខ្ញុំសម្រេចឈប់ ហើយពួកគាត់ថា សុំឆែកមើលឯកសារ ព្រោះម៉ូតូមិត្តខ្ញុំ មិនទាន់មានស្លាកលេខ ទាំងដែលម៉ូតូខាងខ្ញុំទើបតែទិញល្ងាចមិញ។ ពួកខ្ញុំ ក៏បង្ហាញឯកសារម៉ូតូ ទៅពួកគាត់រួចហើយ ពេលនោះពួកគាត់ក៏និយាយថា គាត់គ្រាន់តែសុំឆែក
និងថត ដើម្បីការពារសុវត្ថិភាពពួកខ្ញុំ។ ប៉ុន្តែអ្វីដែលពួកខ្ញុំ ឃើញនៅសកម្មភាព ដែលពួកគាត់ធ្វើលើខ្ញុំ គឺគួរឲ្យខ្លាចជាងអ្វីដែលពួកខ្ញុំគិតទៅទៀត។ អ្វីដែលពិសេស គឺឯកសណ្ឋាន និងម៉ូតូដែលពួកគាត់ជិះ។ ដូច្នេះខ្ញុំគ្រាន់តែចង់ស្នើជាសំណួរ ទៅកាន់មន្ត្រីនគរបាលខណ្ឌនានា សម្រាប់ករណីដែលពួកខ្ញុំបានជួបផ្ទាល់ នៅយប់នេះ តើវាជាតួនាទី ឬភារកិច្ចសម្រាប់ការឆែកឆេរកាក់ម៉ូតូស្រស់ៗ ព្យាយាមកាត់ម៉ូតូ និងស្រែកកំហោក នៅទីកន្លែងស្ងាត់បែបនេះឫ ? ញ័រសាច់» ៕
Post a Comment