លោក ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ នៅស្រុកសាមគ្គីមានជ័យ
ស្រុកសាមគ្គីមានជ័យ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ នៅស្រុកសាមគ្គីមានជ័យ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី អាជ្ញាធរ មន្ត្រីរដ្ឋបាលស្រុក និងអង្គការ សមាគមន៍ពាក់ព័ន្ធផងដែរ។
លោកស្រី ហែម សាវ៉េត អភិបាលរង តំណាងលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានឡើងធ្វើមតិស្វាគមន៍ និងបញ្ជាក់ពីគោលបំណងនៃការរៀបចំ សិក្ខាសាលានេះគឺបង្ហាញពីការអនុវត្តតួនាទី តាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ រាជធានី ខេត្ត ក្រុង។ ទាំងនេះគឺបានផ្ដល់នូវបច្ចុប្បន្នភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញ នូវច្បាប់គោលនយោបាយយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
លោក ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាឱកាសដ៏សំខាន់ដែលយើងធ្វើការពិភាក្សាផ្លាស់ប្តូរ យោបល់ធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចដំណើរការអនុវត្តគម្រោងនៅមូលដ្ឋាន ឆ្លើយតបតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ បានចូលរួមធ្វើឱ្យមាន ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលជា អាទិភាពស្នូលក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានលើកឡើងក្នុង “យុទ្ធសាស្ត្របញ្ចកោណ" ដំណាក់កាលទី១ ជាគោលដៅធ្វើឱ្យមានអភិបាលកិច្ចល្អមាននៅគ្រប់ថ្នាក់រដ្ឋបាល គ្រប់វិស័យការងារ និងពង្រឹងពង្រីកកិច្ចសហការរវាងវិស័យរដ្ឋបាលសាធារណៈ និងសង្គមស៊ីវិល ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ។
Post a Comment