អាជ្ញាធរជំនាញខេត្តកោះកុង ដុតកម្ទេចឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ជិតបីពាន់ ម៉ែត្រ នៅស្រុកបុទុមសាគរ

កោះកុង៖ ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក តុង យ៉ាវ អភិបាលរងស្រុកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលបូទុមសាគរ អាជ្ញាធរឃុំថ្មស មេភូមិ និងគណៈកម្មការសហគមន៍នេសាទរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់។

នាក្នុងពិធីនោះផងដែល លោក តុង យ៉ាវ បានផ្វព្សផ្សាយប្រកាសលេខ ៣១៩ ប្រក.កសក ស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា, សារាចរណែនាំលេខ ០២៧ សរណន.កសក ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០។

សូមបញ្ជាក់ផងថា ការរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ចំនួន  ៣១១ ខ្សែ ប្រវែង ២៤៨៨ ម៉ែត្រ  ជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ។

ជាចុងក្រោយ លោក អភិបាលរងស្រុក ក៏បានផ្ដាំផ្ញើទៅប្រជានេសាទទាំងឡាយដែលកំពុងនេសាទនៅតំបន់ឆ្នេរក្នុងឃុំថ្មស ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការនេសាទដោយប្រើឧបករណ៏នេសាទខុសច្បាប់គ្រប់ប្រភេទ បើប្រជានេសាទណានៅតែផ្គើនដដែលៗ លួចនេសាទ ដោយប្រើ ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ហាមឃាត់ នឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់ ៕

                                        




                                   

 

Powered by Blogger.