មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ សម្តេចមហាបវរធិបតី និង លោកជំទាវ ឧបត្ថម្ភដល់ចំណុះទូក "ទេពធីតាសែនជ័យបារមីជំទាវទេព

 

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំ នាយទាហានរបស់អង្គភាពសហ ការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអង្ករចំនួន ៣៧៥ គីឡូក្រាម មី ១០កេស ត្រីខ ១០យួរ ទឹកត្រី ៨យួរ ទឹកស៊ីអ៉ីវ ៨យួរ ទឹកសុទ្ធ ៣៥យួរ រួមនឹងថវិកាចំនួន ៣,៣០០,០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឧបត្ថម្ភដល់គណៈកម្មការទូកមួង "ទេពធីតាសែនជ័យបារមីជំទាវទេព" របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាទូកស្ថិតក្រោមការគ្រប់គ្រង និងឧបត្ថម្ភរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងពិធីក្រុងពាលី និងដង្ហែទូកចុះទន្លេ ត្រៀមចេញទៅប្រកួតប្រជែង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ 
 
ពិធីមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការវត្តទេពធីតារាម, លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុង, លោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង មន្ត្រីរាជការ ព្រះសង្ឃ គណៈកម្មការ និងកីឡាករ ចំណុះទូក ព្រមទាំងមានការចូលរួម និងជួយឧបត្ថម្ភពីសប្បុរសជន នូវសំលៀកបំពាក់ ថវិកា ទឹកសុទ្ធ រួមនឹងគ្រឿងឧបភោគ បរិភោគ ជាច្រើនផងដែរ ។
 
មានមតិសំណេះសំណាលនាពេលនោះ ឯកឧត្តម មេ បញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់គណៈកម្មការ និងក្រុមកីឡាករចំណុះទូក និងបានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ។
 
ព្រះគ្រូចៅអធិការ គណៈកម្មការ និង កីឡាករចំណុះទូកមួង "ទេពធីតាសែនជ័យបារមីជំទាវទេព" បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង សប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារ ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
                                        









                                        
                                        
Powered by Blogger.