មន្រ្តីជំនាញរដ្ឋបាលជលផលបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកចំនួន៣ របស់ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រ ស្រុកចំនួន៣ ដែលជនល្មើសតែងតែលបលួចធ្វើសកម្មភាពនេសាទល្មើសច្បាប់ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញបានសហការជាមួុយកម្លាំងសមត្ថកិច្ច និងសហគមន៍នេសា ចុះល្បាតតាមដងទន្លេ នៅក្នុងភូមិសាស្ត្រស្រុកចំនួម៣ មានស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និង ស្រុកជលគិរី ដោយបានប្រទះឃើញបទល្មើសរបាំងស្បៃមុង និងសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែងតែម្តង ។
លោក លី ឡា បញ្ជាក់ឲ្យដឹងថា របាំងស្បៃមុងមាន៣២កន្លែង ប្រវែង ៤៩០ ម៉ែត្រ លូស្បៃមុង ចំនួន១៣២ មាត់ បង្គោលចំនួន ៣៦០ដើម និងចាក់លែងត្រីចម្រុះ ចំនួន១៨០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។
នៅក្នុងប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជលផល មិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។ពួកគេបានគេចខ្លួន នៅមុនពេលដែលកម្លាំង ជំនាញចុះទៅដល់ ៕
Post a Comment