គណបក្សប្រជាជនកម្ពុជា ប្រកាសពីជំហរយ៉ាងម៉ឺងម៉ាត់ ទទួលស្គាល់ «សាធារណរដ្ឋប្រជាមានិតចិន» ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសនូវជំហរយ៉ាងម៉ឺងម៉ាត់ ទទួលស្គាល់ «សាធារណរដ្ឋប្រជាមានិតចិន» ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន»។
សេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី១៥ ខែមករានេះ បន្ថែមថា «គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្នែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពតាមគោលការណ៍ទាំងឡាយ ដែលចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ»។
សូមរម្លឹកថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាខាងលើនេះ បានធ្វើឡើងក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ខ្លី ប្រកាសពីជំហរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលើកឡើងថា «ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិន មួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល»។
សូមរម្លឹកថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅកោះតៃវ៉ាន់ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមការតាមដានដោយយកចិត្តទុកដាក់ពីសំណាក់ប្រទេសចិន។
ជាលទ្ធផល លោក ឡៃ ឆឹងតេ (Lai Ching-te) ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យចម្រើន ឌីភីភី (DPP) ដែលជាគណបក្សកាន់អំណាចរបស់លោកស្រី សៃ អ៊ឹងវេន បានឈ្នះការបោះឆ្នោតនេះ។
លោក ឡៃ ឆឹងតេ មានជំហមិនខុសពីលោកស្រី សៃ អ៊ឹងវេន ដែលដឹកនាំតៃវ៉ាន់ រយៈពេល ២អាណត្តិមកហើយនោះទេ។ ពោលគឺលោក ឡៃ ឆឹងតេ នឹងបន្តស្វែងរកឯករាជ្យភាព សម្រាប់កោះតៃវ៉ាន់ មិនខុសពីលោកស្រី សៃ អ៊ឹងវេន ឡើយ៕
Post a Comment