សមត្ថ​កិច្ច​ថៃ​ឆ្មក់​ចូល​ក្លិប​កម្សាន្ត​រក​ឃើញ​អ្នក​ប្រើ​គ្រឿ.ង​ញៀ.ន​ជា​ច្រើន

ទី​ក្រុង​បាងកក​​៖ ​​​កាល​ពី​យប់​​មិញ សមត្ថ​កិច្ច​ថៃ​បាន​ឆ្មក់​ចូល​ក្លិប​កម្សាន្ត​នៅ​ខេត្ត​សមុទ្ទ​ប្រា​កាន​ និង​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​។ ​ក្រោយ​ពេល​ធ្វើ​តេស្ត​ទឹក​នោម​ឃើញ​ថា​ពួក​គេ​៧៧​នាក់​​​ផ្ទុក​សារ​ធាតុ​ញៀន​។ ​​លោក​អនុទីន​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​​ ​បាន​ដឹក​នាំ​កម្លាំង​​ចុះ​ទៅ​ដល់​ទី​តាំង​​ក្លិប​​ឈ្មោះ​ថេក​ផាប់ (Tag Pub) ​​នៅ​​​ម៉ោង​២:៤៥​​រំលង​អធ្រាត្រ​​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​​​​។ សមត្ថ​កិច្ច​​ចម្រុះ​រាប់​សិប​នាក់​មក​ពី​ច្រើន​ស្ថាប័ន​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​។​ នៅ​ពេល​ចូល​ទៅ​ក្នុង​ក្លិប​ឃើញ​ភ្ញៀវ​ដែល​ចូល​ទៅ​កម្សាន្ត​​មាន​គ្នា​ជាង​៣០០​នាក់​កំពុង​តែ​រាំ​​សប្បាយ​​ និង​​ផឹក​ស្រា​​​​។

គ្រាន់​តែ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​វត្ត​មាន​​របស់​​សមត្ថ​កិច្ច​​ច្រើនសន្ធឹក​សន្ធាប់​បែ​ប​នេះ ​អ្នក​​ចូល​ក្លិប​ទាំង​ប៉ុន្មាន​​​រត់​ចែក​ជើង​គ្នា​​​ ហើយ​ធ្វើ​ឱ្យ​គ្រឿង​ញៀន​​ធ្លាក់​រាយ​ប៉ាយ​​នៅ​លើ​​កម្រាល​ឥដ្ឋ​។ ប៉ុន្តែ​ពួក​គេ​ទៅ​ណា​មិន​រួច​ទេ​​​។ នៅ​ពេល​ចាប់​បាន​យក​ទៅ​ពិនិត្យ​ទឹក​នោម​​ទាំង​ប្រុស​ទាំង​ស្រី​ សមត្ថកិច្ច​រក​ឃើញ​ថា​នារី​៣៩​នាក់​ និង​បុរស​៣៨​នាក់​មាន​សារ​ធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។​

លោក​អនុទីន​ប្រាប់​ថា​ប្រតិ​បត្តិ​ការនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​​គេ​រាយ​ការណ៍​ថា​នៅ​ក្នុង​ក្លិប​​​មាន​សំឡេង​រំខាន​ និង​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​យ៉ាង​អនាធិបតេយ្យ​។ ក្លិប​នេះ​បើក​ហួស​ម៉ោង​កំណត់​ទៅ​តាម​ការ​អនុញ្ញាត​របស់​សមត្ថ​កិច្ច​។​ ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ សមត្ថ​កិច្ច​ចាត់​​ភ្នាក់​ងារ​សម្ងាត់​ចុះ​ទៅ​បង្កប់​ខ្លួន​នៅ​ក្នុង​ក្លិប​ដោយ​បន្លំ​ខ្លួន​ជា​ភ្ញៀវ​ចូល​ស៊ី​ផឹក ឬ​ធ្វើ​ជា​រក​ទិញ​គ្រឿង​ញៀន​។ នៅ​ពេល​ដឹង​ការ​ពិត​​ហើយ, ​ក្រុម​ស៊ើប​ការណ៍​ទាំង​នោះ​ក៏​ឱ្យ​សញ្ញា​ទៅ​ថ្នាក់​លើ​ដើម្បី​ចុះ​ប្រតិ​បត្តិ​ការ​ភ្លាម​​​។

ម្ចាស់​ក្លិប​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ ហើយ​ចោទ​ប្រកាន់​​ជា​ច្រើន​ករណី​ដូច​ជា​ ទី១-​បើក​ដំណើរ​ការ​ក្លិប​លើស​ម៉ោង​កំណត់​, ទី២-​​​​ឃោសនា​លក់​គ្រឿ​ង​ស្រវឹង​ និង​​ទី​៣​-​បណ្ដោយ​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លិប​​។​ លោ​កអនុទីន​​បាន​បញ្ជា​ឱ្យ​​អភិបាល​ខេត្ត​សមុទ្ទ​ប្រា​កាន​​បិទ​ដំណើរ​ការ​ក្លិប​​នេះ​​​រយៈ​ពេល​៥​ឆ្នាំ​ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​​ដែល​ចូល​ជា​ធរ​មាន​កាល​ពី​ឆ្នាំ​២០១៥​។​

តាម​ពិត​ ក្លិប​នេះ​បិទ​មួយ​​សា​ហើយ​កាល​ពី​ឆ្នាំ​២០១៨​ពាក់​ព័ន្ធ​នឹង​ការ​​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លិប​។ ក្រោយ​មក​ អគារ​នេះ​ត្រូវ​បាន​ជួស​ជុល​​ឡើង​វិញ​ ​និង​ដូរ​ឈ្មោះ​ពី​ណូស​ក្លិប (Nos Club) ​ទៅ​ថេក​ក្លិប​ (Tag Club)​ វិញ​ម្ដង​។​ ​ក្រសួង​មហា​ផ្ទៃ​រក​ឃើញ​​ថា​ក្លិប​នេះ​មិន​មែន​ធម្ម​តា​ទេ​។​ សុទ្ធ​តែ​មាន​អ្នក​ធំ​កាង​នៅ​ពី​ក្រោយ​ខ្នង​។ ក្រសួង​​​ស្នើ​សុំ​ឱ្យ​គណៈ​កម្ម​ការ​ខេត្ត​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​ដើម្បីចង់​ដឹង​ថា​តើ​នរណា​ខ្លះ​​នៅ​ពី​ក្រោយ​ក្លិប​នេះ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​១​​ទៀត​នៅ​​ទី​ក្រុង​បាង​កក​​ សមត្ថ​កិច្ច​ឆ្មក់​ចូល​ក្លិប​កម្សាន្ត​មួយ​កន្លែង​​​​នៅ​ម៉ោង​១:៣០​​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សុក្រ​។​ ​នៅ​ពេល​​ចុះ​ទៅ​ដល់​ឃើញ​អ្នក​ចូល​ក្លិប​ប្រហែល​៤​០០​នាក់​។ ​​​ក្នុង​នោះ​ ​សមត្ថ​កិច្ច​រក​ឃើញ​ថា​​​​​៤០​នាក់​អាយុ​ក្រោម​ម្ភៃ​ឆ្នាំ​, ៩២​នាក់​​មាន​សារ​ធាតុ​ញៀន​ និង​​២៦​នាក់​ជា​អនីតិជន​ដែល​មិន​ទាន់​ដល់​អាយុ​ត្រូវ​ផឹក​ស្រា​នៅឡើយ​ទេ​។​

គេ​ឃើញ​គ្រឿង​​ញៀន​រាយ​​ប៉ាយ​​នៅ​លើ​កម្រាល​ឥដ្ឋ​​​ដូច​ជា​ម៉ាទឹក​កក​, អ៊ិច​ស្តាហ្ស៊ី និង​ម្សៅ​​កេ​តា​មីន (ketamine)​។ ក្លិប​នេះ​បើក​​ដំណើរ​ការ​​ជា​ងមួយ​ឆ្នាំ​ហើយ។ កាល​ពី​ពេល​កន្លង​មក ​​សមត្ថ​កិច្ច​​ធ្លាប់​ឆ្មក់​ចូល​​ក្លិប​នេះ​ដែរ​ ប៉ុន្តែ​​​ជន​សង្ស័យ​ដឹង​ខ្លួន​​​មុន​​ និង​រត់​គេច​ខ្លួន​បាត់​អស់​ មិន​ដែល​ចាប់​បាន​ទេ​។ ​​​សមត្ថ​កិច្ច​ត្រៀ​ម​កោះ​ហៅ​ម្ចាស់​ក្លិប​​អាយុ​៤០​ឆ្នាំ​​ឡើង​តុលាការ​​​ដើម្បី​ស្ដាប់​ការ​ចោទ​ប្រកាន់​​​ ទី១-​បើក​ក្លិប​គ្មាន​​​​អាជ្ញា​ប័ណ្ណ​, ទី២-​​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ក្រោម​អាយុ​២០​ឆ្នាំ​ចូល​​ក្លិប​ និង​ទី​៣-បណ្ដោយ​ឱ្យប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លិប​។ សមត្ថ​កិច្ច​មូល​ដ្ឋាន​ចង់​​យក​រឿង​នេះ​ឡើង​ទៅ​អគ្គ​ស្នង​ការ​ដើម្បី​បិទ​​ក្លិប​នេះចោល​​​រយៈ​ពេល​៥​ឆ្នាំ​៕​











Powered by Blogger.