យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពិសេសគឺសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។
ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៤០០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
លោក ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានអានខ្លឹមសារសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមាន៩ចំណុចធំៗ ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឡី សុភាព រួមជាមួយសមាជិកសកម្មជនសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកាគណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំផង។
លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជម្រាបជូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានជ្រួតជ្រាបអំពីកម្មវិធីនយោបាយ ក៏ដូចជាការផ្តោតការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ចំពោះអ្នកដែលកំពុងរកទទួលទានក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក នួន ផារ័ត្ន ណែនាំឱ្យខិតខំកសាងសមាជិក-សមាជិកាសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងជាសំឡេងគាំទ្រគណបក្សប្រជាជនឱ្យកាន់តែធំឡើងៗ។ ម្យ៉ាងទៀតក៏ត្រូវចូលរួមជាមួយគោលនយោបាយ ប.ស.ស. ប័ណ្ណសមធម៌ និងគោលនយោបាយបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់ផងដែរ។
លោក ហែម វណ្ណឌី បានបង្ហាញសេចក្តីរីករាយដែលបានជួបជាមួយសកម្មជនក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងបានជម្រាបជូនបងប្អូនអំពីកម្មវិធីគោលនយោបាយអាទិភាពមួយក្នុងចំណោម៦ ដែលផ្តោតអាទិភាពជាសំខាន់ចំពោះអ្នកប្រកបរបរនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
លោក ហែម វណ្ណឌី បានជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋានទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះនាពេលខាងមុខ ដើម្បីកំណត់បានគោលដៅច្បាស់លាស់សម្រាប់ការទទួលបានជំនួយជាក់ស្តែងពីរាជរដ្ឋាភិបាល។
លោកបានថ្លែងថា សកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញអារម្មណ៍ស្វាគមន៍រីករាយ ដោយបានយល់ជ្រួតជ្រាបអំពីការងារជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល និងបានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើកម្មវិធីគោលនយោបាយខាងលើ តាមរយៈការទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពគណបក្ស និងក្នុងទិដ្ឋភាពគោលនយោបាយជាតិ។
លោកបណ្ឌិត ឡី សុភាព ក៏បានថ្លែងអំណរគុណចំពោះលោក សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះការងារកសាងយុវជនសេដ្ឋកិច្ច ឧបត្ថម្ភគាំទ្រ ណែនាំផ្ដល់អនុសាសន៍ល្អៗចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕
Post a Comment