ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន៖
ទី១. សូមថ្នាក់ដឹកនាំ និងសមាសភាព នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយចែករំលែកពេលវេលា ពី ១០% ទៅ១៥% នៃការងារស្នូលរបស់ខ្លួន ហើយមកបំពេញការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដើម្បីសម្រេចជោគជ័យតាមភារកិច្ច និងផែនការដែលបានកំណត់ ឈានទៅសម្រេចចក្ខុវិស័យ និងគោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ទី២. សូមអង្គភាពចំណុះក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ រៀបចំកម្មវិធីការងារប្រចាំខែនីមួយៗឱ្យបានច្បាស់លាស់ ដោយដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សា ហើយត្រូវខិតខំជំរុញការអនុវត្តឱ្យបានសម្រេចជោគជ័យ ព្រមទាំងធ្វើរបាយការណ៍ប្រចាំខែនីមួយៗតាមការកំណត់។

ទី៣. ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវមានរបបប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការប្រចាំខែ ត្រីមាស និងឆមាស ឱ្យបានទៀងទាត់។

ទី៤. សូមថ្នាក់ដឹកនាំ និងសមាសភាពក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាពទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា កៀរគយុវជន ឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ដើម្បីយុវជន និងសង្គមជាតិទាំងមូល។

ទី៥. សូមបន្តលើកកម្ពស់សកម្មភាពសង្ក្រាន្តឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅតាមគ្រឹះស្ថានសិក្សា ក្នុងន័យលើកទឹកចិត្តឱ្យយុវជនបានស្គាល់ និងបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរទៅតាមស្ថានភាព និងលទ្ធភាពនៃគ្រឹះស្ថានសិក្សានីមួយៗ ដោយបើកឱកាសឱ្យមានការចូលរួមសហការគាំទ្រពីវិស័យឯកជន ប៉ុន្តែមិនគួរអនុញ្ញាតឱ្យមានការដាក់តាំងបង្ហាញនូវផលិតផលគ្រឿងស្រវឹងនោះឡើយ។

ទី៦. សូមបន្តបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន តាមរយៈស្នើសុំកិច្ចសហការពីសមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមមាន ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាដើម។

ទី៧. សូមគ្រប់គ្រឹះស្ថានសិក្សាដែលជាសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តយកចិត្តទុកដាក់បញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់និស្សិតរបស់ខ្លួន ឱ្យបានញឹកញាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ពិសេសក្នុងចំណោមអ្នកប្រើប្រាស់ទោចក្រយានយន្ត។

ទី៨. សូមរៀបចំឱ្យមាននូវកម្មវិធីអប់រំសីលធម៌ សុជីវធម៌ ទំនាក់ទំនងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងបំណិនជីវិត អាចរស់នៅក្នុងសង្គមប្រកបដោយសេចក្តីសុខនិងមានវឌ្ឍនភាព វៀរចាកនូវអំពើអបាយមុខទាំងឡាយទាំងពួក៕



                                      





 

Powered by Blogger.