លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
(ភ្នំពេញ)៖ លោកបណ្ឌិត ឡី
សុខភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា
និងជាប្រធានសមាគម អ្នកលក់ឱសថកម្ពុជា បានលើកឡើងថា
ប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវចេះថែទាំភ្នែក ព្រោះភ្នែកគឺជាអាយុជីវិត
និងត្រូវយល់ដឹងពីកត្តា ដែលបណ្តាឱ្យមានបញ្ហាភ្នែក និងក្លាយជាជំងឺ
ជាពិសេសគួរតែត្រួតពិនិត្យភ្នែកឱ្យបានទៀងទាត់
ជៀសវៀងមានបញ្ហាទើបរកការព្យាបាល។
ការលើកឡើងរបស់លោកប្រធាន
សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា ខាងលើនេះ
ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន
សមាជិកគណៈកម្មការថែទាំភ្នែក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ
នៅទីស្នាក់ការកណ្តាលសមាគម នៅខណ្ឌជ្រោយចង្វារ។
លោកបានបញ្ជាក់ថា
គណៈកម្មការថែទាំភ្នែកនេះ គឺមានគោលដៅគាំទ្រទៅដល់ពលរដ្ឋក្នុងសហគមន៍
អ្នកលក់ថ្នាំពេទ្យភ្នែក ពេទ្យភ្នែក និងមន្ទីរពេទ្យភ្នែកផងដែរ។ ជាងនេះទៅទៀត
គណៈកម្មការថែទាំភ្នែក បង្កើតឡើង ដោយមានការគាំទ្រពីគ្រប់អង្គភាពពាក់ព័ន្ធ
និងមានតួនាទី ញែកក្រុមមនុស្សដែលងាយមានបញ្ហាភ្នែកពីកម្រិតទាបទៅកម្រិតធ្ងន់
ដើម្បីលើកទឹកចិត្ត និងណែនាំ ក្នុងការថែទាំ ឬក៏ព្យាបាលទៅតាមផ្នែកតាមជំនាញ។
ក្នុងឱកាសនេះ
លោកបណ្ឌិត ឡី សុភាព បានណែនាំឱ្យប្រធានគណៈកម្មការថែទាំភ្នែក
ធ្វើការប្រមូលធាតុចូលពីពេទ្យភ្នែក និងមន្ទីរពេទ្យភ្នែកទាំងអស់នៅកម្ពុជា
ក្នុងនោះរាប់បញ្ចូលទាំងអ្នកលក់ និងកាត់វែនតាផងដែរ
ត្រូវធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីអនុវត្តការងារ
ទាំងការជួយដល់សុខមាភាពប្រជាជន ទាំងមុខរបររកស៊ី ធ្វើដូចនេះ
ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ សុទ្ធតែទទួលបានអត្ថប្រយោជន៍
ពោលគឺពលរដ្ឋអាចយល់ដឹងអំពីសុខមាលភាព។
គួរជម្រាបថា
កែវភ្នែកជាផ្នែកមួយដែលសំខាន់នៃរាងកាយរបស់មនុស្ស។
ក្នុងមួយជីវិតមនុស្សយើងម្នាក់ៗ តែងតែមានបញ្ហាភ្នែកយ៉ាងហោចណាស់ក៏ម្ដងដែរ។
បញ្ហាស្រាលខ្លះអាចនឹងព្យាបាលងាយស្រួល
ឯករណីខ្លះទៀតទាល់តែត្រូវការពេទ្យជំនាញ។ ដូចនេះហើយទើបមនុស្សយើងគ្រប់រូប
គួរតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែកឲ្យមែនទែន។
មានកត្តាបង្កជាច្រើនដែលបណ្ដាលឲ្យមនុស្សមានបញ្ហា
និងជំងឺភ្នែកកើតមានឡើង ដោយក្នុងនោះលោកបណ្ឌិត បានពន្យល់ថា
កត្តាដែលបណ្តាឱ្យមានបញ្ហាភ្នែក គឺមានកត្តាជាច្រើន ក្នុងនោះរួមមាន ទី១
គឺការសម្លឹងមើល ព្រះអាទិត្យរយៈពេលយូរ, ទី២ របបអាហារដែលគ្មានតុល្យភាព, ទី៣
បណ្តាមកពីការសម្លឹងមើលទូរសព្ទSmart Phone ឬពន្លឺគ្រឿងអេឡិកផ្សេងៗរយៈពេលយូរ,
ទី៤ ការជក់បារី ឬស្រេបគ្រឿងស្រវឹងលើសកម្រិត, ទី៥ ការញីភ្នែកញឹកញ៉ាប់, ទី៦
ការគេងមិនគ្រប់គ្រាន់ និងទី៧ គឺមិនបានត្រួតពិនិត្យ
និងព្យាលបាលភ្នែកឱ្យបានត្រឹមត្រូវ ។
ក្នុងពិធីខាងលើនេះ លោកបណ្ឌិត ឡី
សុភាព បានលើកឡើងថា «ភ្នែកគឺស្នើនឹងជីវិត
បាត់បង់ភ្នែកស្ទើតែមានការបត់បង់ជីវិត ដូចនេះត្រូវធ្វើយ៉ាងណា
ដើម្បីថែទាំភ្នែកឲ្យបានល្អ»។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ឡី សុភាព
បានណែនាំឱ្យពលរដ្ឋ «បើអាចធ្វើទៅបាន គួរធ្វើការពិនិត្យភ្នែកឱ្យទៀងទាត់
ជាសវៀងមានបញ្ហា ទើបរកការព្យាបាល ហើយការព្យាបាលទៀតសោត
ត្រូវការពេទ្យជំនាញឲ្យបានត្រឹមត្រូវ»។
គណៈកម្មការថែទាំភ្នែកមានគោលបំណង
ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល
ក៏ដូចជាផ្នែកមួយក្នុងការជួយផ្ដល់នូវចំណេះដឹង ពីបញ្ហាសុខភាពភ្នែក
ទៅដល់ពលរដ្ឋ ជាពិសេសគឺនៅក្នុងសហគមន៍។
ជាមួយគ្នានេះ លោកបណ្ឌិត ទិត្យ
សំអឿន តំណាងសមាជិក សមាជិកា នៃគណៈកម្មការថែទាំភ្នែក
ប្តេជ្ញាចូលរួមអប់រំផ្សព្វផ្សាយ ចំណេះដឹងការថែទាំភ្នែក ដល់សហគមន៍
និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់សមាជិក សមាជិកាអោយបានគ្រប់ៗគ្នា
ថែមទាំងពង្រីកក្រុមការងារថែទាំភ្នែកឱ្យមាននៅទូទាំងកម្ពុជាផងដែរ៕
Post a Comment