ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ខេត្តកំពត!


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាន៖ នៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាយអញ្ជិត ក្នុងស្រុកជុំគិរី និងនៅសាលាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ក្បែរជើងភ្នំបូគោ។

ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប.  តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោក កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។

គួរកត់សម្គាល់ថា ការងារគណនេយ្យភាពសង្គម បានផ្ដោតលើការកំណត់ឱ្យមានការអនុវត្តនៅមូលដ្ឋានឃុំ សង្កាត់ តាមគោលការណ៍ដូចខាងក្រោម៖
១. ការបំពេញការងារ​​របស់ក្រុមប្រឹក្សាឃុំ ដែលបានកំណត់ឱ្យអនុវត្តគោលការណ៍សំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានជ្រើសរើសតាមការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ក្នុងមួយអាណត្តិរយៈពេល៥ឆ្នាំ,​ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវស្ដាប់មតិយោបល់ប្រជាពលរដ្ឋ, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអញ្ជើញប្រជាពលរដ្ឋ​ឱ្យចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈ ដោយប្រជាពលរដ្ឋមានសិទ្ធិផ្ដល់យោបល់ សួរសំណួរ អំពីការផ្ដល់សេវា និងគម្រោងនានា ការផ្ដល់សេវាសង្គម និងការបិទផ្សាយព័ត៌មាន។

ទី២. ការផ្តល់សេវានៅសាលាបឋមសិក្សា បានកំណត់ថា កុមារអាយុ​៦ឆ្នាំ ឬ៧០ខែ ត្រូវតែបានចុះឈ្មោះចូលរៀន, គ្រូម្នាក់សម្រាប់តែសិស្សមួយថ្នាក់ ហើយសិស្សមួយថ្នាក់មិនឱ្យលើសពី ៤៥ ទៅ ៥០នាក់, គ្រូត្រូវបង្រៀនឱ្យបាន ២១១ថ្ងៃ ក្នុងមួយឆ្នាំសិក្សា, សាលារៀនត្រូវមានសៀវភៅសិក្សាគោលឱ្យសិស្សខ្ចីទៅរៀនពី ៣ ទៅ ៥ក្បាលដោយឥតគិតថ្លៃ, សាលារៀនត្រូវមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទឹកស្អាត បង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃ និងលោកគ្រូ អ្នកគ្រូត្រូវជួយសិស្សសិក្សារៀនសូត្រ។

ទី៣. ការផ្តល់សេវានៅមណ្ឌលសុខភាព បានកំណត់ថា មណ្ឌលសុខភាពត្រូវ ដំណើរការ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍, ត្រូវស្អាត មានអនាម័យល្អជាប្រចាំ, ទទួលបានការផ្គត់ផ្គង់បរិក្ខាឱសថ ១២លើក ក្នុងមួយឆ្នាំ, គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រូវប្រជុំ ៦លើក ក្នុងមួយឆ្នាំ។

ទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គជុំ ស្ថិតនៅភូមិព្រៃយាវ ឃុំស្រែក្នុង ស្រុកជុំគិរី នាយកសាលា បានធ្វើបង្ហាញខ្លីអំពីការអនុវត្តតាមគោលការណ៍គណនេយ្យភាពសង្គម ហើយតំណាងអ្នកស្ម័គ្រចិត្ត ក៏បានបញ្ជាក់អំពីបេសកកម្មជំរុញឱ្យពលរដ្ឋប្រសិទ្ធិចូលរួមពង្រឹងគណនេយ្យភាពសង្គមជូនគណៈប្រតិភូ ខណៈមេភូមិ និងប្រជាពលរដ្ឋប្រមាណ ១០០នាក់ កំពុងប្រជុំផ្សព្វផ្សាយ ពិភាក្សា និងផ្ដល់យោបល់អំពីការងារគណនេយ្យភាពសង្គមជាមួយ។

ក្រោយស្ដាប់បទបង្ហាញ និងចូលរួមស្ដាប់កិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តពលរដ្ឋឱ្យសកម្មចូលរួមបញ្ចេញមតិយោបល់ឱ្យបានច្រើនចំពោះគម្រោង និងកិច្ចការងារនានាក្នុងមូលដ្ឋានរបស់ខ្លួន មិនថាមណ្ឌលសុខភាព សាលាបឋមសិក្សា និងសាលាឃុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញពលរដ្ឋចូលរួមវេទិកាសាធារណៈ និងកម្មវិធីនានាដែលរៀបចំដោយអាជ្ញាធរ ដើម្បីទទួលបានព័ត៌មាន លើកសំណើ សំណូមពរ និងជាជំនួយក្នុងការសម្រេចចិត្ត។

នេះជាផ្នែកមួយនៃការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពប្រជាពលរដ្ឋលើជោគវាសនាឃុំ សង្កាត់របស់ពួកគាត់។ គណៈប្រតិភូ បានបន្តទស្សនកិច្ចនៅសាលាឃុំស្នាយអញ្ជិត ដែលនៅទីនោះ លោកមេឃុំ ស្មៀន បានធ្វើបទបង្ហាញអំពីសកម្មភាព និងគម្រោងអភិវឌ្ឍន៍ឃុំពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គម ខណៈអ្នកស្ម័គ្រចិត្ត ក៏កំពុងពិភាក្សាជាមួយពលរដ្ឋដើម្បីរកមតិកែលម្អគម្រោងនានាក្នុងឃុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមសំណេះសំណាលខ្លីជាមួយអាជ្ញាធរ និងពលរដ្ឋ និងបានផ្ដល់យោបល់លើកទឹកចិត្តឱ្យពលរដ្ឋកុំឱ្យអៀនខ្មាស់ឬអល់អែក ដោយសង្កត់ទៀតថា ព្រោះការបញ្ចេញមតិយោបល់របស់ពលរដ្ឋ គឺជាការចូលរួមតាក់តែងជោគវាសនាសហគមន៍ និងអនាគាតកូនចៅ។

ក្រោមដំណក់ភ្លៀងក្នុងអន្តរកាលប្រាំង និងវស្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តដឹកនាំប្រតិភូធ្វើដំណើរពីសាលាឃុំស្នាយអញ្ជិត ឆ្ពោះទៅកាន់ក្រុងកំពត ដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តការងារគណេយ្យភាពសង្គម ក្នុងខេត្តកំពត ដោយមានការធ្វើរបាយការណ៍សង្ខេបពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងការធ្វើបទឧទ្ទេសនាមអំពីការងារគណនេយ្យភាពសង្គមក្នុងខេត្តកំពត។ មានត……


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានគូសបញ្ជាក់អំពីភាពលេចធ្លោរនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ចាប់តាំងរាជរដ្ឋាភិបាលនីតិកាលចាស់ ជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានទាញចំណាប់អារម្មណ៍ប្រតិភូអន្តរជាតិ អំពីលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ស្ថិរភាពនិងភាពធននៃសេដ្ឋកិច្ច ស្ថិរភាពនយោបាយនិងការចូលរួមរបស់ពលរដ្ឋក្នុងការសម្រេចចិត្តនៅមូលដ្ឋាន ជាពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាចក្នុងវិស័យជាច្រើនដែលធ្លាប់តែស្ថិតក្រោមការសម្រេចរបស់រដ្ឋបាលថ្នាក់ជាតិ នៅខាងលើ ទៅឱ្យរដ្ឋបាលថ្នាក់ជាតិ ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយជីវភាពប្រជាជននៅក្រោមតែម្ដង។

ភ្ជាប់នឹងអនុសាសន៍មួយចំនួនទៅកាន់ គ.ជ.អ.ប. ក៏ដូចជារដ្ឋបាលខេត្តកំពត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកត់សម្គាល់ពីភាពចាំបាច់នៃការខិតខំអប់រំ បណ្ដុះបណ្ដាលសមត្ថភាព និងក្រមសីលធម៌មន្ត្រីរដ្ឋបាលថ្នាក់ក្រោម ដែលពេលនេះ ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ឈានទៅបញ្ចប់ការសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រីកសក្ដានុពលបណ្ដុះបណ្ដាលឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅរួមចំណែកឱ្យសម្រេចបានជោគជ័យ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិសេសការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បញ្ចប់ទស្សនកិច្ចការងារគណនេយ្យភាពសង្គមត្រឹមកិច្ចប្រជុំនៅសាលាខេត្ត ប៉ុន្តែបេសកកម្មពេញមួយថ្ងៃនៅខេត្តកំពត របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ ត្រូវបន្តទៅបង្ហើយនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ដែលនៅមិនឆ្ងាយប៉ុន្មានពីជើងភ្នំបូគោ។ មន្ទីរពេទ្យនេះកសាង និងឧទ្ទិសដល់ឈ្មោះកូនស្រីរបស់លោកបណ្ឌិត វីនហ្វីដ ឃៀល និងអ្នកស្រី រ៉ូម៉ារី ឃៀល ឈ្មោះ ស៊ុនយ៉ា ដែលបានទទួលមរណភាពក្នុងឧប្បទវហេតុដោយចៃដន្យ។

យោងតាមបទបង្ហាញជូនគណៈប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចផ្ទាល់មកប្រទេសកម្ពុជា កាលពីឆ្នាំ២០០៤ លោកបណ្ឌិត វីនហ្វីដ ឃៀល បានជម្រាប ថ្វាយជូនសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីបំណងប្រាថ្នាកសាងនូវមន្ទីពេទ្យមួយនៅប្រទេសកម្ពុជា ដើម្បីឧទ្ទិសជូនដល់ឈ្មោះកូនស្រី។ នៅខែវិច្ឆិកា ឆ្នាំ២០០៤ សម្តេចព្រះបរមរតនកោដ្ឋ បានប្រទានព្រះរាជសារជូន សម្តេចតេជោ អំពីបំណងប្រាថ្នានេះ ដើម្បីជូនរាជរដ្ឋាភិបាល សម្របសម្រួលការងារទាក់ទងនឹងការងារកំណត់ទីតាំង និងសម្របសម្រួលការងារសាងសង់មន្ទីរពេទ្យ។

សម្តេចតេជោ ក៏បានប្រគល់ភារកិច្ចនេះជូន សម្តេចក្រឡាហោម ស ខេង ដើម្បីកំណត់ទីតាំង។ នៅខែមករា ឆ្នាំ២០០៦ អង្គការមូលនិធិ ស៊ុនយ៉ាឃៀល កម្ពុជា ត្រូវបានបង្កើតឡើងតាមការអនុញ្ញាតជាផ្លូវការរបស់ក្រសួងមហាផ្ទៃ។ តាមរយៈការសម្របសម្រួល និងការដឹកនាំដោយផ្ទាល់ពីសម្តេចក្រឡាហោម ទីតាំងនៅអតីតកសិដ្ឋានចិញ្ចឹមគោបឹងទូក ខេត្តកំពត ត្រូវបានកំណត់យកនិងរៀបចំដើម្បីសាងសង់មន្ទីរពេទ្យ។ ខែមីនា ឆ្នាំ២០០៧ សំណង់មន្ទីរពេទ្យ បានចាប់ដំណើរការដំបូង និងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១០ ហើយក៏ត្រូវសម្ពោធដាក់ឱ្យដំណើរការជាលើកដំបូងនៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។

ប្រតិបត្តិការរបស់មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល បានជួយដល់មន្ទីរសុខាភិបាលខេត្ត ក្នុងការផ្តល់នូវសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងធ្វើការផ្តល់ហិរញ្ញប្បទានសុខភាព តាមរយៈការផ្តល់ឧបត្ថម្ភធននូវសេវាថែទាំសុខភាពដល់ជនក្រីក្រ ដោយផ្តោតលើការថែទាំ មាតា និងទារក សេវាសង្គ្រោះបន្ទាន់ ក៏ដូចជាការកាត់បន្ថយការចំណាយដោយប្រយោលសម្រាប់ការថែទាំសុខភាពបឋម រួមទាំងជំងឺមិនឆ្លង (NCDs) ផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញប់ស្ញែងចំពោះស្ថាបនិកមន្ទីរពេទ្យ ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនកម្ពុជា និងបានសម្ដែងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បន្តនិរន្តរភាពប្រកបដោយភាពលេចធ្លោរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការព្យាបាល។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ ជាផ្នែកមួយនៃការលើកម្ពស់វិស័យសុខាភិបាលនៅប្រទេសកម្ពុជា ពិសេសនៅតាមមូលដ្ឋាន ក្រៅពីរាជធានីភ្នំពេញ៕












 

Powered by Blogger.