រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននិងបន្ដមិនយកពន្ធលើដីកសិកម្ម
រាជធានីភ្នំពេញ ៖ ថ្លែងពីទឹកដីខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ដរាបណាគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេសទៀតនោះ រាជរដ្ឋាភិបាល និងបន្តមិនយកពន្ធលើដីកសិកម្ម ។
នាឱកាសអញ្ជើញជាអធិបតីអបអរសាទ«ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្ដបន្ទាន់ ដើម្បីលើកស្ទួយ និងជួយទៅដល់វិស័យកសិកម្ម ព្រមទាំងកសិករ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ជាក់ស្ដែងការដាក់ចេញគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្ម ដីស្រែ លក្ខណៈគ្រួសារ គឺយើងបានធ្វើយូរមកហើយ ហើយដរាបណា គណបក្សប្រជាជនកម្ពុជា នៅមានឱកាសដែលប្រជាជនគាំទ្រផ្ដល់ឱកាសបោះឆ្នោតឲ្យដឹកនាំប្រទេសគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ដសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដីស្រែលក្ខណៈ» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បន្ដថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ចេញនូវការលើកលែងពន្ធ និងការនាំចូលសម្ភារៈកសិកម្ម គ្រឿងយន្ដ ឧបករណ៍កសិកម្ម កសិផល មុខទំនិញ ដែលជាអាហារូបម្ភត្ថ សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ត្រូវបានលើកលែងពន្ធអាកររហូតដល់ឆ្នាំ២០២៨ ដើម្បីធានានូវតម្លៃសមស្រប់សម្រាប់ប្រជាពលរដ្ឋ ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឲ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ ។ សម្ដេចពន្យល់ថា ដើម្បីធានាលើរឿងទាំងពីរនេះរដ្ឋត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករនាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឲ្យសមស្រប ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីក៏បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្ដេជ្ញាចិត្តអនុវត្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិករខ្មែរ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្មខណៈវិស័យកសិកម្មជាផ្នែកមួយនៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា» ។
សម្ដេចធិបតីគូសបញ្ជាក់ទៀតថា ៖ «រាជរដ្ឋាភិបាល នៅតែបន្ដធ្វើព្រោះការអន្ដរាគមន៍ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទីមួយមានទីផ្សារ ។ ចឹងរាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះនឹងប្ដេជ្ញាចិត្តបន្ដពីរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ នៅក្នុងការជួយដល់កសិកររបស់យើងនៅក្នុងគ្រប់ទូទាំងប្រទេសក៏ដូចជា ការវិនិយោគផ្សេងៗ នៅក្នុងកសិកម្មរបស់យើង» ។
សម្ដេចធិបតី បន្ដថា ឥឡូវនេះយុទ្ធសាស្ដ្រធំរបស់រាជរដ្ឋាភិបាល គឺរុញខាងកសិឧស្សាហកម្ម ដូចជា ស្វាយចន្ទីរ ស្រូវ អង្ករ កៅស៊ូ ជាដើម ។ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានស្នើដល់ស្ថាប័នជំនាញឲ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឲ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ ៕
Post a Comment