ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ចំថ្ងៃខួបកំណើតសម្តេច តេជោ អ្នកផ្តួចផ្តើមកសាងគម្រោងប្រវត្តិសាស្ត្ររបស់ខ្មែរ
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឲ្យគម្រោងចេញជារូបរាងនឹងក្លាយព្រែកជីកប្រវត្តិសាស្ត្ររបស់ខ្មែរ ។
ថ្លែងក្នុងអបអរសាទរ«ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ កក្កដា សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានថ្លែងអំណរអរគុណចំពោះប្រជាពលរដ្ឋទាំងអស់បានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាល ហើយគម្រោងនេះក៏នឹងផ្ដល់ផងប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា ។
សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម ហើយគម្រោងនេះនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើតសម្តេចតេជោ ហ៊ុន សែន ។
ថ្លែងជាសាធារណៈសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានគូសយ៉ាងដូចបញ្ជាក់ថា «ថ្ងៃទី៥ គឺជាថ្ងៃខួបកំណើត សម្ដេចតេជោ ជាថ្ងៃដែលយើងចាប់ផ្ដើមកសាង (កសាងព្រែកជីកហ្វូ ណនតេជោ) ចំថ្ងៃនៃខួបកំណើត អ្នកផ្ដួចផ្ដើម និងអ្នកបង្កលក្ខណៈឲ្យព្រែកជីកនេះធ្វើបានផ្ដួចផ្ដើមក្នុងការកសាង ដឹកនាំ នៅក្នុងការកសាង និងសម្រេចបាននូវសមិទ្ធផល ជាពិសេសសន្ដិភាពតាមនយោបាយឈ្ន-ឈ្នះ ដែលមានការចូលរួមពីប្រជាជនទូទាំងប្រទេស ។ ចឹងហើយការបង្កើតយកថ្ងៃនេះ ដើម្បីធ្វើ» ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានរំលឹកនូវប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស នាំគ្នាវា.យធុង វា.យស្គរ ដើម្បីអបអរសាទរចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រោះគម្រោងនេះមិនមែនជាគម្រោងរបស់សម្ដេចតេជោ ក៏មិនមែនជាគម្រោងផ្ដាច់មុខរបស់សម្ដេចឡើយ គឺជាគម្រោងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ។
សម្តេចថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ ដើម្បីកូនខ្មែរសម្រាប់អនាគតផងដែរ ។ ពាក់ព័ន្ធនឹងគម្រោងព្រែកហ្វូណនតេជោនេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថាមិនត្រឹមតែប្រជាជនបានប្រកាសគាំទ្រនោះទេ សូម្បីតែគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាក៏បានប្រកាសគាំទ្រចំពោះការកសាងព្រែកជីកហ្វូនណនតេជោនោះដែរ ។
ផ្ទុយទៅវិញ មានតែអ្នកនយោបាតជ្រុលនិយមមួយចំនួនតូច ដែលកំពុងរស់នៅក្រៅប្រទេសបានប្រកាសមិនគាំទ្រ ដើម្បីផលចំណេញនយោបាយខ្លួនតែប៉ុណ្ណោះ ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីពេលថ្មីៗនេះបានស្នើសុំឲ្យរាជរដ្ឋាភិបាលប្រកាសរៀបចំឲ្យមានការដុតកាំជ្រូច ទូងស្គរ នៅគ្រប់ទីវត្តអារាម ដើម្បីអបអរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនណនតេជោនេះផងដែរ ។
គួរបញ្ជាក់ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ៕
Post a Comment