ឯកឧត្ដម ឃួង ស្រេង សូមឲ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទូងស្គរ គោះជួង ដើម្បីអបអរសាទរ និង គាំទ្រ នៃការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ”

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង សូមឲ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទូងស្គរ គោះជួង ដើម្បីអបអរសាទរ និង គាំទ្រ នៃការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ការស្នើសុំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១៩កក្កដានេះ ក្នុងពិធីវេរប្រគេនទៀនព្រះវស្សា,ទ័យ្យវត្ថុ,បច្ច័យរួមនឹងគ្រឿងបរិក្ខាផ្សេងៗដល់ព្រះសង្ឃនិមន្តមកពី១៥១វត្តនិងសាលាបុណ្យចំនួន ០៥កន្លែងនៅក្នុងរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។

ឯកឧត្ដម ឃួងស្រេង បានមានប្រសាសន៍ថា៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន-យុវនារីទាំងអស់ សូមត្រៀមលក្ខណៈចូលរួមអបអរសាទរ ដោយត្រូវទូងស្គរ គោះជួង និងកម្សាន្តសប្បាយជាមួយនឹងការ ប្រគុំតន្ត្រី អុជកាំជ្រួច ព្រមទាំងការរៀបចំកម្មវិធីផ្សេងៗទៀតរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា នោះគឺ ការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ” ដែលជា គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានអនុវត្តក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រោះថាការសាងសង់ព្រែកជីកនេះ គឺ ដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិដ៏មហាសាល របស់ប្រជាជនកម្ពុជា ដូច្នេះ យើងត្រូវអបអរសាទរ និងចូលរួមគាំទ្រ ឱ្យក្លាយជាមហាចលនាជាតិ ក្រោមស្មារតីជាតិខ្មែរតែមួយ ដើម្បីឱ្យសមិទ្ធផលនេះលេចចេញជារូបរាងឡើង យ៉ាងពិតប្រាកដ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី គណៈអភិបាល ខណ្ឌ ប្រធានមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នាជាឯកច្ឆ័ន្ទរៀបចំ ពិធី “វេរប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ-គ្រឿងបរិក្ខារ ព្រមទាំង បច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ១៥១ វត្ត និង សាលាបុណ្យចំនួន ៥ កន្លែង ក្នុងរាជធានីភ្នំពេញ។ទៀនព្រះវស្សា និងគ្រឿងបរិក្ខាសំរាប់វត្តទាំង១៥១វត្តនិងសាលាបុណ្យទាំង០៥កន្លែង ក្នុងមួយវត្តៗ និងសាលាបុណ្យ រួមមាន ៖ បច្ច័យ២០ម៉ឺនរៀល,ទៀនព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស២៥គីឡូក្រាម,ទឹកដោះគោខាប់១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ៤កេស, មី៤កេស,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុង ហើយទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ រួមនឹងបរិក្ខាផ្សេងៗត្រូវបានប្រគល់ជូនទៅអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចាត់ចែងចែកបន្តទៅតាមវត្តដែលមានក្នុងដែនដីរបស់ខ្លួន។

ឯកឧត្ដមឃួង ស្រេងបានបន្តថា៖ ការប្រារព្ធពិធីបុណ្យចូលព្រះវស្សាជាពិធីបុណ្យដ៏សំខាន់ និងជាក្រឹត្យក្រមសាសនា ដើម្បីជាការរំលឹកដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់បរមគ្រូនៃយើង ស្របពេលដែលបងប្អូន ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅ ទូទាំងប្រទេស ក៏បាននឹងកំពុងប្រារព្ធពិធីបុណ្យនេះ ដោយទឹកចិត្ត ជ្រះថ្លាគ្រប់ទិសទីផងដែរ។ សម្រាប់ទំនៀមទម្លាប់នៃពិធីបុណ្យនេះ ផ្អែកតាមពុទ្ធប្បញ្ញត្តិ ព្រះសង្ឃគ្រប់អង្គ ត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីវត្ត នីមួយៗ គិតចាប់ពីថ្ងៃ ១រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដោយត្រូវខិតខំស្វាធ្យាយរៀនសូត្រព្រះធម៌ ព្រះវិន័យ មិនអាចនិមន្តចេញក្រៅវត្តអារាមដោយគ្មានភារកិច្ច លុះ ដល់ពេលចេញព្រះវស្សា ទើបអាចនិមន្តត្រាច់ចរ និងត្រៀមទទួល អានិសង្សពីទាយក-ទាយិកា ក្នុងរដូវកឋិនទានជាកិច្ចបន្ទាប់ក្នុងជំនឿ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕

 

                                      

                                      

                                       

                                       

                                       

                                       











 

Powered by Blogger.