ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តពង្រឹងសន្តិសុខ ស្របតាមការវិវត្តន៍របស់សង្គមជាតិ និងពិភពលោក

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការជំរុញពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងកិច្ចប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធ កែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត រម្លឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យលើការងារនេះផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំជាថ្មីទៀត ឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តយកចិត្តទុកដាក់តាមដាន កែលម្អ និងគាំទ្របន្ថែមទៀត ដល់តួអង្គសំខាន់ៗដែលនៅកៀកនឹងប្រជាពលរដ្ឋ រួមមាន៖ ក្រុមប្រឹក្សានិងស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ នាយក និងលោកគ្រូ អ្នកគ្រូ នៃសាលារៀនតាមបណ្ដាភូមិ ប៉ុស្តិ៍សុខភាពឃុំ សង្កាត់ ព្រមទាំងក្រុមកម្លាំងប្រជាការពារ ដើម្បីឱ្យតួអង្គទាំងនេះ បានបំពេញតួនាទីស្របតាមច្បាប់ និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការនានារបស់ប្រជាពលរដ្ឋ ជាពិសេសអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕















 

 

Powered by Blogger.